ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រទេសចិននៅតែជាដៃគូវិនិយោគធំជាងគេនៅកម្ពុជា ដោយការវិនិយោគ របស់អ្នកធុរកិច្ចចិន នៅតាមតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទឹកប្រាក់ប្រមាណ៣៤០០លានដុល្លារអាមេរិក។
តំបន់សេដ្ឋកិច្ចពិសេស(SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគគិនបរទេស ពិសេសវិនិយោគិនចិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ខណៈគិតត្រឹមឆ្នាំ២០២៤ ការវិនិយោគផ្ទាល់របស់វិនិយោគិនចិននៅកម្ពុជា មានទឹកប្រាក់ប្រមាណ៣,៤ពាន់លានដុល្លារ កើនឡើងពីចំនួនក្រោម៥០០លានដុល្លារក្នុងឆ្នាំ២០១២។នេះបើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងជាសហប្រធានគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងជំនួបពិភាក្សាការងារជាមួយ លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។
-->
ក្នុងពិធីនេះក៏មានការចូលរួមពី លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជំនួបនេះមានគោលបំណងជំរុញ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្ត គម្រោងផែនការនានាលើវិស័យមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៌ និងបច្ចេកវិទ្យា ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ បន្ថែមលើនេះក៏មានការពិភាក្សា លើគម្រោងព្រែកជីកហ្វូណនតេជោ និងជាពិសេសគម្រោងពង្រីក ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម។
លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះ លោក វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា។ ការស្វាគមន៍នេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិនផងដែរ។
លោកលើកឡើងទៀតថា “កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-ចិន បានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយលំហូរវិនិយោគផ្ទាល់ពីនៅបរទេស(FDI) ពីសំណាក់វិនិយោគិនចិនដែលកាលពីឆ្នាំ២០១២ មានទំហំតិចជាង៥០០លានដុល្លារ ប៉ុន្តែក្នុងឆ្នាំ២០២៤ កន្លងមកបានកើនឡើងដល់ប្រមាណ៣,៤ ពាន់លានដុល្លារ”។
តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាចំណែកដ៏សំខាន់ ដែលជួយបង្កើនភាពទាក់ទាញឱ្យវិនិយោគិនបរទេស ឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជា។
លោកបានថ្លែងថា “តំបន់សេដ្ឋកិច្ចពិសេស កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ ពីបរទេសពិសេសពីប្រទេសចិនឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា”។
លោក វ៉ាង យី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា ដែលរួមចំណែកដល់ការពង្រឹង មិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួម និងផលប្រយោជន៍ទៅវិញទៅមក។
លោក ចាន់ថុលបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៧តំបន់ ក្នុងនោះមាន១១ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ៤០០គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឲ្តដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់សរុប១២,៧ពាន់លានដុល្លារ កើនឡើង២៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដោយទំនិញកម្ពុជានាំទៅចិន មានទឹកប្រាក់១,០៦ពាន់លានដុល្លារ ថយចុះ៨% ចំណែកចិននាំមកវិញ១១,៦៤ពាន់លានដុល្លារ កើនឡើង៣០,៤%៕
