(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួម ក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយសម្តេចបានជំរុញត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានដកស្រង់សំដីរបស់សម្តេចដោយមានប្រកាសនថា «សម្តេចធិបតីថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត»។