តើវិស័យអ្វីខ្លះដែលយុវជនចាប់អារម្មណ៍សិក្សាច្រើនជាងគេ ក្នុងបរិបទបច្ចុប្បន្ន?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ការផ្លាស់ប្តូរយ៉ាងលឿន លើការរីកចម្រើនសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាបានទាក់ទាញក្រុមយុវជន ចុះឈ្មោះសិក្សាយ៉ាងច្រើន។

វិស័យចំនួន៥ កំពុងពេញនិយមសម្រាប់យុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមវិស័យទាំង១០។

លោកស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៦ កញ្ញាថា គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួនជាង១៤០ពាន់នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន៣១,៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន៥៦,៦៨២នាក់ ហើយសិស្ស ដែលទទួលបានការងារធ្វើ មានចំនួន២៩,១៩០នាក់។ ក្នុងចំណោមអ្នក ស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន៦០,១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌។

វិស័យទាំង៥ ដែលកំពុងពេញនិយមនោះ រួមមាន៖ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន២៧,៩១៥នាក់ វិស័យទេ សចរណ៍ មានអ្នកចុះឈ្មោះ២១,៦៦១នាក់ វិស័យសំណង់ មានអ្នកចុះឈ្មោះចំនួន២១,២៨៦នាក់ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានអ្នកចុះឈ្មោះចំនួន១៧,៣៤៧នាក់ និងវិស័យសេវាកម្ម មានអ្នកចុះឈ្មោះចំនួន១៧,០៧៩នាក់។

សម្រាប់វិស័យទាំង១០ ដែលបានដាក់ឱ្យបណ្ដុះបណ្ដាល ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) រួមមាន៖ វិស័យសំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិក កម្មន្ដសាល មេកានិចទូទៅ/មេកានិចរថយន្ដ ធុរកិច្ច និងព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជាក់ និងកម្ដៅ ទេសចរណ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក ស៊ុន មេសាបានបន្តថា ការចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) នេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ សិក្សាដោយមិនបង់ថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ។

លោកបន្តថា កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។ ចំពោះបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធអាចចូលរៀនបានដោយមិនបង់ថ្លៃ គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភ។

លោកមេសា បានអំពាវនាវជាថ្មីដល់យុវជន ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here