ដោយៈ ជាទស្សនទានមួយ ដែលគួរពិចារណា អ្នកសរសេរលើបណ្តាញសង្គមម្នាក់ បានសរសេរលើគេហទំព័រ Propertyarea ដោយបានលើកឡើងនូវទស្សនចំនួន៥ចំណុច ទាក់ទងដល់ដំណើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។
លោកគឹមឡេង ឈុង(Kimleng Chhong) បានសរសេរបង្ហាញនូវទស្សនបែបវិភាគលើសំណួរ ដែល Propertyarea លើកជាសំណួរថា “តើបងប្អូនគិតថាវិស័យអចលនទ្រព្យ នឹងងើបឡើងវិញឆាប់ៗឬទេ? គួរវិនិយោគយកផលចំណេញទៀតឬទេ ហេតុអ្វី?។
លោកបានលើកជាទស្សនថា វិស័យអចលនទ្រព្យ មានប្រភេទ ខ្លះអាចងើបបានក្នុងឆ្នាំ 2026នេះ៖
- បន្ទាប់ពី មានការទម្លាក់ពន្ធ បដិការ របស់អាមេរិក ឃើញថា ចិន ងាកពីស្រីលង្កាមកកម្ពុជា និងក្រោយពី មានកម្លាំងពលករ ត្រលប់ពីថៃមកវិញតាមរោងចក្រខ្លះ ចាប់ផ្តើម សង្វាក់ផលិតកម្មឡើងវិញ។
- ដីសម្រាប់ វិស័យកសិកម្ម ក៏ហាក់មានសន្ទុះ ទោះបីជាតម្លៃ កសិផលនៅទាបនៅឡើយ តែបរទេសចាប់ផ្តើម សម្លឹងមើលវិសាលភាព ផ្ទៃដីដាំដុះ ដែលមានសក្តានុពល ។
- បន្ទាប់ពីវិបត្តិយូរឆ្នាំ ប្រជាពលរដ្ឋជាប់បំណុលច្រើន និងបាត់បង់ទ្រព្យជាច្រើន មានដី ផ្ទះ និងសំណង់ផ្សេងៗ តែទៅជាយ៉ាងណាក៏ដោយ មនុស្សត្រូវការជំរក ជាហេតុធ្វើអោយទិន្នន័យទិញ លក់នៅក្នុងក្រុង និងកន្លែងមានសក្តានុពល១ចំនួនកើនឡើង (ទីតាំងល្អ តម្លៃសមរម្យ ការអភិវឌ្ឍន៍ត្រឹមត្រូវ និងបត់បែន តាមអតិថិជន ជាពិសេសគឺមានច្បាប់ច្បាស់លាស់)។
- សម្រាប់ខុនដូ អគារពាណិជ្ជកម្ម បាននឹងកំពុងសម្រួល តម្លៃ លក្ខខណ្ឌបង់ប្រាក់ ដើម្បីប្រកួតប្រជែង និងធ្វើឱ្យការលក់មានកំណើន ដែល អាចជាផ្នែកមួយក្នុងការប្រមូលដើមទុន និងកែសម្រួលសេដ្ឋកិច្ចដែលកំពុងតែជាប់គាំង ។
- អ្នករកស៊ី បានព្យាយាមស្តារសេដ្ឋកិច្ច អង្គភាព គ្រួសារ និងជាផ្នែកតូចនៃសង្គម និងកំពុងព្យាយាមចាប់យកឱកាស ដែលតម្លៃអចលនវត្ថុបានធ្លាក់ដល់បាត តាមរយៈធនាគារ រឹបអូសយកមកលក់ ក្នុងតម្លៃឡៃឡុង ក្រោមទីផ្សារលើសពី50%។
សន្និដ្ឋាន មិនយូរទេត្រឹមឆ្នាំ2027 វិស័យអចលនទ្រព្យ នឹងងើបឡើងដោយផ្នែក។ ឆ្នាំ2028ពាក់កណ្តាល នៃវិស័យនេះនឹងមានលំនឹង និងបន្តរីកចម្រើននៅឆ្នាំបន្ទាប់៕