ដំណឹងល្អៈ រយៈពេល៩ខែកម្ពុជាបានអនុម័តទុនវិនិយោគប្រមាណ៧៨០០លានដុល្លារអាមេរិក

0
រយៈពេល៩ខែកម្ពុជាបានអនុម័តទុនវិនិយោគប្រមាណ៧៨០០លានដុល្លារអាមេរិក
រយៈពេល៩ខែកម្ពុជាបានអនុម័តទុនវិនិយោគប្រមាណ៧៨០០លានដុល្លារអាមេរិក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​​រយៈ​ពេល៩ខែ​ដើម​ឆ្នាំ​២០២៥ មាន​គម្រោង​វិនិយោគ​ជិត៥៥០​គម្រោង ​​ត្រូវ​បាន​អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា ដោយ​កើន​ឡើង​ជាង៧០%​ ជាមួយទុនវិនិយោគប្រមាណ៧៨០០លានដុល្លារ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។​

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​តុលា ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា-​ខែ​កញ្ញា ឆ្នាំ​២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) បានអនុម័តលើ​គម្រោងវិនិយោគ​សរុប៥៤៦ គម្រោង (២១៤ គម្រោង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស) កើនឡើង ២៣១គម្រោង ឬ​ស្មើ​នឹង៧៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។

​ប្រភព​ទុន​វិនិយោគ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​មក​ពី​ប្រទេស​ចិន៥២,៩៦%, កម្ពុជា៣០,១៥%, សិង្ហបុរី៦,៩៣%, និង​វៀតណាម៥,២៤%។ ក្រៅ​ពី​នោះ​មាន​មក​ពី កោះBritish Virgin, អង់គ្លេស, កោះCayman, កោះ Samoa, Bermuda និង​សហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង​អស់​ខាង​លើ គឺ​​វិស័យ​ឧស្សាហកម្ម មាន​ទឹក​ប្រាក់៥,៣ពាន់​លាន​ដុល្លារ, កសិកម្មនិង​កសិ-ឧស្សាហកម្ម៤០៥លាន​ដុល្លារ, ទេសចរណ៍ ១៧៥លាន​ដុល្លារ និង​ហេដ្ឋារចនាសម្ព័ន្ធ-វិស័យ​ផ្សេងៗ១,៩ ពាន់​លាន​ដុល្លារ​។​

CDC បាន​បញ្ជាក់​ថា “ត្រឹមតែរយៈពេល៩ខែ ស្ថាប័ននេះបានចុះបញ្ជីគម្រោងវិនិយោគ​ លើសការចុះបញ្ជីគម្រោងវិនិយោគពេញ​មួយឆ្នាំ២០២៤ រហូតដល់ទៅ១៣២គម្រោង”។

ដោយឡែក​ក្នុងខែកញ្ញា ឆ្នាំ២០២៥CDC បានសម្រេចចុះបញ្ជី​គម្រោងវិនិយោគសរុប៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប​៤៦៧ លានដុល្លារ និងអាចបង្កើតការងារបាន៣៧ពាន់កន្លែង។ គម្រោងវិនិយោគទាំង​នេះ គឺ​ចំនួន៣៨ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​និយាយ​ថា ការអនុម័ត​គម្រោង និង​ទុនវិនិយោគ​ក្នុង​ចំនួន​ច្រើន​បែបនេះ គឺ​បញ្ជាក់​ពី​ទំនុកចិត្ត និង​ភាពរឹងមាំ​នៃ​ទីផ្សារ​ដែល​វិនិយោគិន​សម្លឹ​ង​ឃើញ​ពី​ការបណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ព្រមទាំង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។

លោកបញ្ជាក់ថា “ការ​កែលម្អប្រព័ន្ធច្បាប់វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏​កំពុង​ក្លាយ​ជា​កម្លាំង​ស្រូប​មួយ​បន្ថែម​ទៀត​ ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន”។​

លោក​បាន​ថ្លែង​ថា “អ្វីដែល​ពិសេស​នាពេលនេះ គឺ​ការចូល​មក​បណ្តាក់ទុន​កាន់តែច្រើន​ លើ​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ ហើយ​ចំនួន​នេះ ​នឹង​បន្ត​កើនឡើង​ទៀត​ចាប់ពីពេលនេះ​តទៅ​”។

លោក​បាន​បន្ថែម​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ការជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ទៅ​កាន់​គ្រប់​ប្រទេស​លើ​សកលលោក គឺ​​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត ​ដែល​នឹង​ធ្វើឱ្យ​វិនិយោគិន​កាន់តែ​ច្រើន​បញ្ចេញ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា​​។

កាល​ពី​​ឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាបានទទួល​​គម្រោងវិនិយោគចំនួន​៤១៤គម្រោង ដែល​ទទួល​បាន​ការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here