កម្ពុជា-បារាំងនឹងចុះហត្ថលេខាហិរញ្ញប្បទានចំនួន ២៩, ១ លានអឺរ៉ូ សម្រាប់គម្រោងទំនើបកម្មលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី

0

ដោយ​ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយសមភាគីបារាំងសម្រាប់គម្រោងទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទំហំទឹកប្រាក់ចំនួន ២៩, ១ លានអឺរ៉ូ ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពគការអញ្ជើញរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ កន្លងមកនេះ គម្រោងនេះ មានទិសដៅ ក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវឌ្ឍន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើតប្រសិទ្ធិភាព និងនិរន្តភាពក្នុងការផ្កត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី ចីរផាពបំណុល សម្រាប់ចីរភាពកំណើន ចីរភាពហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍន៍ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំនេះ គ្រោងនឹងផ្តោតការពិភាក្សាទៅលើប្រធានបទសំខានៗរួមមាន៖ យុទ្ធសាស្ត្រក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីជម្រុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរព្រមទាំងវិធីសាស្ត្រដែលប្រទេសមានតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងការជំពាក់បំណុលច្រើនហួសហេតុ។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយតំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់ភាគីបារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here