ដោយៈ ម៉ាណា
ភ្នំពេញៈ របាយការណ៍បានឱ្យដឹងថា ការលក់ម្ហូបអាហារអនឡាញ បង្ហាញពីគន្លងនៃកំណើនខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាននូវ អត្រាកំណើនប្រចាំឆ្នាំ១០,១១ភាគរយ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។
ការកើនឡើងនៃចំនួន ការលក់ម្ហូបអាហារអនឡាញ(Cloud kitchens) នៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប កំពុងប៉ះពាល់ដល់អាជីវកម្មភោជនីយដ្ឋានបែបប្រពៃណី ដែលបាននិងកំពុងតស៊ូដើម្បីងើបឡើងវិញ ពីការធ្លាក់ចុះក្នុងអំឡុងជំងឺរាតត្បាត។
ការលក់ម្ហូបអាហារអនឡាញ (Cloud kitchens) គឺជាកន្លែងផ្ទះបាយដែលមានជំនាញវិជ្ជាជីវៈ ដែលផ្តោតលើការរៀបចំអាហារសម្រាប់ការដឹកជញ្ជូន និងខ្ចប់តែប៉ុណ្ណោះ ដោយគ្មានសេវាកម្មទទួលទានអាហារ។ ពួកគេដំណើរការលើប្រព័ន្ធអនឡាញទាំងស្រុង ដោយទទួលបានការបញ្ជាទិញ តាមរយៈកម្មវិធី(app)ភាគីទីបី និងចែកចាយអាហារ តាមរយៈសេវាកម្មដឹកជញ្ជូន។
គំរូនេះកាត់បន្ថយការចំណាយ ដោយលុបបំបាត់តម្រូវការសម្រាប់អចលនទ្រព្យសំខាន់ៗ បុគ្គលិកទទួលភ្ញៀវ និងកន្លែងបរិភោគអាហារសាធារណៈ ដែលអនុញ្ញាតឱ្យមានប្រសិទ្ធភាពកាន់តែច្រើន ទីផ្សារកាន់តែទូលំទូលាយ និងកាត់បន្ថយការចំណាយអាជីវកម្ម។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ វិនិយោគិនបរទេសម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋានចំនួន៦ នៅក្នុងទីក្រុងភ្នំពេញបាននិយាយថា គាត់គ្រោងនឹងផ្លាស់ប្តូរបន្តិចម្តងៗ ទៅអាជីវកម្មលក់ម្ហូបអាហារអនឡាញ ដែលគាត់សំដៅលើ “ការផ្លាស់ប្តូរតាមកាលៈទេសៈ” ។
លោកបានបញ្ជាក់ថា “មិនមែនតែនៅក្នុងទីក្រុងភ្នំពេញ ឬខេត្តសៀមរាបនោះទេ គឺនៅជុំវិញពិភពលោក ការវិវឌ្ឍន៍ក្រោយជំងឺរាតត្បាត គឺម្ចាស់ភោជនីយដ្ឋាន អាស្រ័យលើថ្នាលឌីជីថលភាគីទីបីសម្រាប់ការលក់”។ លោកបន្ថែមថា “ឥឡូវនេះនិន្នាការនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងការមកដល់ នៃការលក់ម្ហូបអាហារអនឡាញ។
ប្រាក់ចំណេញរបស់យើងកាន់តែស្តើង។ ហើយក្នុងរយៈពេលពី៥ ទៅ៦ ឆ្នាំកន្លងទៅនេះ ភោជនីយដ្ឋានបែបប្រពៃណីក្នុងប្រទេសកម្ពុជាមានការលំបាក ក្នុងការកសាងម៉ាកយីហោ រួមជាមួយការទទួលបានស្ថិរភាពហិរញ្ញវត្ថុ ដែលជំរុញឱ្យទទួលបានជោគជ័យយូរអង្វែង។
អាជីវកម្មអាហារតាមផ្លូវ នៅតែបន្តរស់រានមានជីវិត ដោយសារពួកគេចំណាយថ្លៃរៀបចំហេដ្ឋារចនាសម្ព័ន្ធទាប។
លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃការលក់ម្ហូបអាហារអនឡាញ នៅកម្ពុជា មានភាពយឺតយ៉ាវបើធៀបនឹងប្រទេស ឬទីក្រុងក្នុងអាស៊ានដទៃទៀត។ “វាប្រាកដជានឹងតាមទាន់នៅថ្ងៃខាងមុខ។
លោកបញ្ជាក់ថា “ខ្ញុំចាំថាកាលពី៤ ឬ៥ឆ្នាំមុន ម្ចាស់ភោជនីយដ្ឋានមួយចំនួន ដែលមិនបានចុះឈ្មោះ ជាមួយកម្មវិធីដឹកជញ្ជូនអាហារដោយគិតថា វាមិនមានជាប់ទាក់ទងនឹងគំរូអាជីវកម្មរបស់ពួកគេ ប៉ុន្តែក្រោយមកមានការស្តាយក្រោយ”។
យោងតាម Mordor Intelligence (MI) ដែលជាក្រុមហ៊ុនឈានមុខគេខាងសិក្សាទីផ្សារ និងប្រឹក្សាយោបល់ ការលក់ម្ហូបអាហារអនឡាញ កំពុងត្រួសត្រាយ ‘កំណើនដំបូងឌីជីថល’ នៅក្នុងព្រះរាជាណាចក្រ។
MI និយាយថា ចំណែកនៃភោជនីយដ្ឋាន សេវាកម្មពេញលេញបានកាត់បន្ថយមកត្រឹម៥៤,២១ ភាគរយក្នុងឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។
“ប្រតិបត្តិការលក់ម្ហូបអាហារអនឡាញ (Cloud Kitchen) បង្ហាញពីគន្លងនៃកំណើនខ្លាំង នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំ១០,១១ ភាគរយ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ ការពង្រីកនេះ ស៊ីសង្វាក់គ្នាដោយផ្ទាល់ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា និងគំរូឥរិយាបថអតិថិជនសហសម័យ។
“សមាហរណកម្មជាប្រព័ន្ធនៃថ្នាល ដឹកជញ្ជូនម្ហូបអាហារអនឡាញ ដែលជំរុញដោយការប្រើប្រាស់ ស្មាតហ្វូនយ៉ាងទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល ធ្វើឱ្យការលក់ម្ហូបអាហារអនឡាញក្លាយជាគំរូអាជីវកម្ម ដែលដំណើរការប្រកបដោយប្រសិទ្ធភាព សម្រាប់ដោះស្រាយតម្រូវការអតិថិជន ដែលផ្តោតលើភាពងាយស្រួល។
គំរូអាជីវកម្មនេះ ត្រូវការការវិនិយោគតិចជាងភោជនីយដ្ឋាន បែបប្រពៃណី ដោយសារមិនមានកន្លែងទទួលទានអាហារ នៅនឹងកន្លែង ដែលអាចពង្រីកទីផ្សារបានឆាប់រហ័ស និងសម្បូរបែបនៅក្នុងម៉ឺនុយ។
ការបញ្ចុះតម្លៃយ៉ាងទូលំទូលាយ ពីកម្មវិធីappដឹកជញ្ជូនអាហារបានធ្វើឱ្យម្ចាស់ភោជនីយដ្ឋាន ព្រួយបារម្ភខ្លាំងអំពីអនាគត នៃអាជីវកម្មរបស់ពួកគេ។
ការបញ្ចុះតម្លៃយ៉ាងទូលំទូលាយ គឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយដែលប្រើដោយកម្មវិធីappដឹកជញ្ជូនអាហារ ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ។ ខណៈពេលដែលការបញ្ចុះតម្លៃទាំងនេះ ត្រូវបានផ្តល់មូលនិធិដោយភោជនីយដ្ឋានខ្លួនឯង ដោយប្រាក់ចំណេញដែលទទួលបានត្រូវបានចែករំលែក រវាងភោជនីយដ្ឋាន និងកម្មវិធីដឹកជញ្ជូនអាហារ។
ប្រភពបានបន្តថា “វាជាការពិតដែលកម្មវិធី ដឹកជញ្ជូនអាហារបានជួយដល់កំណើនទាំងមូល នៃវិស័យភោជនីយដ្ឋានក្នុងអំឡុងពេលក្រោយ Covid”។
ប៉ុន្តែរហូតមកដល់ពេលនេះ ការបញ្ចុះតម្លៃយ៉ាងទូលំទូលាយ តម្លៃមិនស្មើភាព និងការប្រកួតប្រជែងគ្មានសីលធម៌ កំពុងបង្កើតវិបត្តិកាន់តែធំ ដែលមិនគួរមើលរំលង។
ពួកគេបានចង្អុលបង្ហាញថា កម្មវិធីដឹកជញ្ជូនអាហារភាគច្រើនទាមទារចន្លោះពី៣០ភាគរយ ទៅ៣៧ភាគរយ នៅក្នុងកម្រៃជើងសារដែលនាំឱ្យប្រាក់ចំណេញ របស់ភោជនីយដ្ឋាន ធ្លាក់ចុះពី២០ទៅ២៥ ភាគរយ៕