ដោយ វុត្ថា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានបោះទុនវិនិយោគសរុបប្រមាណ៥០០លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្រុងព្រះសីហនុ ក្រោមវត្តមាន លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៩ នេះថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះប្រមូលម្តុំដោយផ្សារទំនើប សណ្ឋាគារ ខុនដូ និងក្លឹបកំសាន្តនានា របស់សហគ្រាសអាជីវកម្ម ប៉ាវលី។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គ្រោងនឹងបញ្ចប់គម្រោងក្នុងកំឡុងពេល២ឆ្នាំខាងមុខ ហើយទីតាំងស្ថិតនៅខាងកើតរង្វង់មូលតោពីរ ស្របគ្នានឹងឆ្នេរអូរឈើទាល។
លោកយន្ត មីនអភិបាលខេត្តព្រះសីហនុ ធ្លាប់បានឲ្យដឹកកន្លងមកនេះថា រដ្ឋបាលខេត្តនឹងស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានគោលបំណងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ មិនថាការវិនិយោគ លើអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ រោងចក្រ សហគ្រាស ឬហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងខេត្ត រដ្ឋបាលខេត្តនឹងទទួលស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីឲ្យដំនើរការវិនិយោគនៅខេត្តនេះ ប្រព្រឹត្តទៅដោយរលូន និងមានសន្ទុះកើនឡើង។
លោកបន្តថា“កំណើននៃការវិនិយោគនេះបាន និងកំពុងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា”។ លោកបន្តថា “តាមរយៈការវិនិយោគទាំងនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់ ធ្វើឱ្យអ្វីៗមានការប្រែប្រួលនាពេលបច្ចុប្បន្ន និងទៅអនាគត”។
ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល២-៣ឆ្នាំចុងក្រោយនេះ មានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិនហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍។
ក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូច ធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី ៣០០០ម៉ែត្រការ៉េឡើង មានចំនួន៧០គម្រោង ក្នុងចំនួនជាង៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់៤០ជាន់មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ខេត្ត។
កាលពីឆ្នាំ២០១៨កន្លងមកនេះ ខេត្តព្រះសីហនុមានគម្រោងអគារធំ និងកម្ពស់ចាប់ពី៥ជាន់ដល់៤០ជាន់រហូតដល់ ១៥០គម្រោង៕