ដោយ រ៉ាណេត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជប៉ុនបានសន្យានឹងព្យាយាមជំរុញ និងលើកទឹកចិត្តជនជាតិជប៉ុនឱ្យមកទេសចរណ៍ ជាពិសេសបង្កើតកិច្ចសហការជាដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ខណៈដែលកម្ពុជាគឺជាគោលដៅវិនិយោគទីមួយរបស់ជប៉ុន ជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលបានឱកាសចំណេញច្រើនត្រឡប់ទៅវិញ។
មន្រ្តីជាន់់ខ្ពស់រដ្ឋាភិបាលជប៉ុនបានអះអាងថា កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញប្រកបដោយក្តីសង្ឃឹម ហើយជប៉ុនប្តេជ្ញានឹងជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ការប្រកាសជំហររបស់រាជរដ្ឋាភិបាលជប៉ុនបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងមហោស្រពកម្ពុជាឆ្នាំ២០១៩ (Cambodia Festival 2019) ប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅសួន Yoyogi ទីក្រុងតូក្យូ ក្រោមកិច្ចសហការរៀបចំពីក្រសួងទេសចរណ៍កម្ពុជា ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
-->
លោក Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន បានថ្លែងកោតសរសើរពីការអភិវឌ្ឍរបស់កម្ពុជា ក្រោមពន្លឺនៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញ និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ប្រកបដោយសក្តានុពល និងប្រកបដោយក្តីសង្ឃឹម ហើយជាមួយនឹងកិច្ចសហប្រតិបត្តិការល្អដ៏យូរលង់រវាងប្រទេសទាំងពីរ ជប៉ុនប្តេជ្ញាជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតផងដែរ។
គិតត្រឹមដើមឆ្នាំ២០១៩ ក្រុមហ៊ុនជប៉ុន តូច-ធំ បាននិងកំពុងធ្វើប្រតិបត្តិការជំនួញ និងការវិនិយោគនៅកម្ពុជាប្រមាណជាង២០០០ក្រុមហ៊ុន ដែលមានទំហំវិនិយោគប្រមាណ២,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យលោក ង៉ែត ជូ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ជាទូទៅ ជនជាតិជប៉ុនត្រូវបានគេទទួលស្គាល់ជាជាតិជាសាសន៍មួយដែលមានភាពទៀងត្រង់ និងមានការវិភាគ សិក្សាយ៉ាងស៊ីជម្រៅ ច្បាស់លាស់មុនពេលសម្រេចចិត្តវិនិយោគ ឬសហការធ្វើជំនួញជាមួយប្រទេសណាមួយ។ នៅក្នុងន័យនេះ វាជារឿងល្អសម្រាប់ការបង្ហាញវត្តមានកាន់តែច្រើន របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា បានន័យថាពួកគេមានទំនុកចិត្តខ្ពស់ជាមួយកម្ពុជា»។
យ៉ាងណាក៏ដោយ បើទោះជាចំនួនក្រុមហ៊ុនជប៉ុន ដែលកំពុងតែមានសកម្មភាពយ៉ាងច្រើននៅកម្ពុជានាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែលោកបានបង្ហើបថា វានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះភាគច្រើនក្រុមហ៊ុនដែលកំពុងដំណើរការវិនិយោគ ស្ថិតនៅក្នុងទ្រង់ទ្រាយជាឧស្សាហកម្មកម្រិតស្រាលនៅឡើយ ដែលហាក់មិនទាន់ឃើញមានការវិនិយោគក្នុងគម្រោងធំដុំនៅឡើយ ក្រៅតែពីផ្សារទំនើប AEON និងគម្រោងអភិវឌ្ឍវិស័យអចលនទ្រព្យមួយចំនួនតូចតែប៉ុណ្ណោះ។
ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ហើយបច្ចុប្បន្នជប៉ុន មិនត្រឹមតែមានស្ថានទូតនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏មានស្ថានកុងសុលនៅខេត្តសៀមរាបផងដែរ។
កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.២ លាននាក់ ក្នុងកំណើន១០.៧ ភាគរយ ក្នុងនោះទេសចរជប៉ុនមានចំនួនជាង២១ ម៉ឺននាក់ ក្នុងកំណើន ៣.៥ ភាគរយ។ គិតក្នុងរយៈពេល២ខែ ដើមឆ្នាំ ២០១៩ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១.២លាននាក់ ក្នុងនោះទេសចរជប៉ុនជិត៤ម៉ឺននាក់ ក្នុងកំណើន ៣.១ ភាគរយ។ ទេសចរជប៉ុនតែងស្ថិតក្នុងចំណោមប្រភព ទីផ្សារទេសចរណ៍ធំៗទាំង១០របស់កម្ពុជា។ ក្នុងឆ្នាំ២០១៩នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង២៣ម៉ឺននាក់ផងដែរ៕