ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងសាងសង់គម្រោងអចលនទ្រព្យថ្មីខ្នាតយក្សមួយក្នុងទីក្រុង Mecca ស្ថិតនៅភាគខាងលិចនៃប្រទេសរបស់ខ្លួន ខណៈអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមធ្វើទំនើបកម្មទីក្រុង និងជំរុញពិពិធកម្មសេដ្ឋកិច្ច។
ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងសាងសង់គម្រោងអចលនទ្រព្យថ្មីខ្នាតយក្សមួយក្នុងទីក្រុង Mecca ស្ថិតនៅភាគខាងលិចនៃប្រទេសរបស់ខ្លួន ខណៈអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមធ្វើទំនើបកម្មទីក្រុង និងជំរុញពិពិធកម្មសេដ្ឋកិច្ច។
គម្រោងនេះនឹងរួមមាន យូនីតលំនៅដ្ឋាន សណ្ឋាគារ និងហាងលក់ទំនិញ ដែលលាតសន្ធឹងលើដីទំហំ១២លានម៉ែត្រការ៉េ ឬស្មើនឹងជិតមួយភាគបួននៃទំហំសង្កាត់ Manhattan នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត (SPA) បានចុះផ្សាយថា គម្រោងនេះនឹងត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន RUA AlHaram AlMakki ដែលជាបុត្រសម្ព័ន្ធនៃមូលនិធិវិនិយោគរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត(SWF)។
-->
យ៉ាងណាមិញ គេនៅមិនទាន់មានព័ត៌មានលម្អិតលើទំហំទុនវិនិយោគនៃគម្រោង និងពេលវេលាចាប់ផ្តើមការសាងសង់នោះទេ។ ប៉ុន្តែ ទីភ្នាក់ងារ SPA បានរាយការណ៍ថា គម្រោងនេះនឹងបង្កើតការងារបន្ថែមជាង៣០០.០០០កន្លែងនៅឆ្នាំ២០៣៦។

អារ៉ាប៊ីសាអូឌីតបាននិងកំពុងបោះទុនវិនិយោគយ៉ាងច្រើនលើការសាងសង់លំនៅដ្ឋាន សណ្ឋាគារ និងតំបន់អចលនទ្រព្យពាណិជ្ជកម្មនៅទូទាំងទីក្រុង Mecca និងទីក្រុង Madinah។
ទីក្រុងទាំង២បានក្លាយជាគោលដៅទាក់ទាញបំផុតមួយសម្រាប់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអចលនទ្រព្យ ដែលមានបំណងទាញយកផលប្រយោជន៍ និងឱកាសវិនិយោគពីសន្ទុះនៃការអភិវឌ្ឍន៍សណ្ឋាគារ និងអគារអាផាតមុិន៕ប្រភព: Bloomberg ៕
