ដោយៈ ឆដា
ភ្នំពេញៈ អ្នកជំនួញផ្នែកអចលនទ្រព្យ អ្នកឧកញ៉ា សំ សុខនឿន និងជាប្រធានសម្ព័ន្ធក្រុមហ៊ុនSAM SN Group ក៏បានលើកឡើងថា ផ្នែកខ្លះក្នុងវិស័យនេះនៅតែមានតម្រូវការ បើទោះជាស្ថានភាពទីផ្សារស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី។
កាលពីថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្រោយចប់កម្មវិធីក៏បានជួបសំណេះសំណាលការងារខ្លះ ជាមួយប្រតិភូសមាគម ទាក់ទងនឹងវិស័យអចលនវត្ថុនៅកម្ពុជាពេលបច្ចុប្បន្ន។
-->
សម្រាប់អ្នកឧកញ៉ាដែលមានដើមកំណើត ពីស្រុកក្រូចឆ្មាររូបនេះ បានលើកឡើងថា “ទោះជាវិស័យអចលនទ្រព្យ កំពុងជាប់គាំងក៏ពិតមែន តែផ្នែកខ្លះក្នុងវិស័យនេះ នៅតែមានទីផ្សារដដែល”។
ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកយកប្រភេទអចលនទ្រព្យទាំងក្នុងភ្នំពេញ និងជាយក្រុងដែលនៅតែមានតម្រូវការជាបន្តបន្ទាប់។

បច្ចុប្បន្នប្រភេទអចលនទ្រព្យខ្លះ នៅតែមានតម្រូវ ឬនៅតែមានអ្នកទិញ ជាប្រចាំ។ ខាងក្រោមនេះជាប្រភេទអចលនទ្រព្យ ដែលនៅតែមានតម្រូវការ ឬអ្នកទិញ បើទោះបីស្ថានភាពអចលនទ្រព្យមិនទានមានភាពល្អប្រសើរនៅឡើយ។
– សម្រាប់ដីឧស្សាហកម្ម ដីសម្រាប់រោងចក្រ និងឃ្លាំង នៅមានតម្រូវការជាបន្តបន្ទាប់ តែដីនោះជាដីដែលមានតម្លៃក្រោម$10/m2។
– ឃ្លាំង និងរោងចក្រសម្រាប់ជួលនៅតែមានអ្នកជួល ដោយអាចជួលពីតម្លៃ $1.6/m2 – $2.2/m2។
– ដីក្នុងទីក្រុងភ្នំពេញ បើលក់តម្លៃ 50% ឬ 60% ក្រោមទីផ្សារនៅតែមានអ្នកទិញ។
– ផ្ទះតម្លៃក្រោម6ម៉ឺនដុល្លារ នៅទីក្រុងភ្នំពេញ នៅតែមានអ្នកទិញរស់នៅផ្ទាល់ខ្លួន។
– ផ្ទះវីឡាតម្លៃថ្លៃក្នុងបុរីនៅតែមានអ្នកទិញ សម្រាប់រស់នៅផ្ទាល់ខ្លួន តែមិនមែនទិញសម្រាប់ទុកចំណេញទៀតទេ។
– ខុនដូតម្លៃសមរម្យ ក្រោម5ម៉ឺនដុល្លារក្នុងទីក្រុងភ្នំពេញ នៅតែមានអ្នកទិញ៕
