ដោយ ដន
ភ្នំពេញ: ខណៈពេលដែលវិនិយោគិន មានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការនៃគម្រោងខុនដូខ្ពស់ៗទំនើប អ្នកអភិវឌ្ឍន៍បច្ចុប្បន្ននេះកំពុងផ្តោតលើវិស័យខុនដូ ដែលមានតំលៃសមរម្យ ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក។
គម្រោងខុនដូថ្មីៗចំនួនប្រាំ បានបើកដំណើរការនៅឆ្នាំនេះ ក្នុងនោះគំរោងចំនួន៤ត្រូវបានចាត់ថ្នាក់កដែលជាខុនដូមានតំលៃសមរម្យ។ គម្រោងធំបំផុត ដែលបានបើកដំណើរការនៅត្រីមាសទី១នេះ គឺគម្រោងខុនដូភ្នំពេញស្តារ ដែលនឹងចាក់បញ្ចូលខុនដូយូនីតថ្មីចំនួន៤៤៨បន្ថែម ដែលមានតំលៃសមរម្យសម្រាប់វិស័យនេះ។
-->
គម្រោងខុនដូចំនួនជាងពាក់កណ្តាល ដែលបានបើកដំណើរការនៅឆ្នាំនេះគឺស្ថិតនៅខណ្ឌ សែនសុខដែល មានតម្លៃសមរម្យបានទាក់ទាញចំណាប់អារម្មណ៍ និងតម្រូវការពីអ្នកទិញ និងអ្នកវិនិយោគក្នុងស្រុក។
ខុនដូយូនីតដែលរួចរាល់សម្រាប់ ការចូលស្នាក់នៅត្រូវបានគេរំពឹងថានឹងកើនឡើង១២០ភាគរយនៅចុងឆ្នាំនេះ។ ក្នុងឆ្នាំ ២០១៨ មានចំនួន១៤,១៧៣ យូនីតបានចាក់បញ្ចូល ក្នុងការផ្គត់ផ្គង់ក្នុងទីផ្សារខុនដូច ខណៈនៅចុងឆ្នាំ២០១៩នេះ ការផ្គត់ផ្គង់នឹងកើនឡើងដល់៣០,១១២ យូនីត។
អ្នកអភិវឌ្ឍន៍កំពុងផ្លាស់ប្តូរទៅចាប់យកវិស័យខុនដូ ដែលមានតំលៃសមរម្យដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ហើយកំណើនប្រជាជនវ័យក្មេងដែលកំពុងកើនឡើងកំពុងចាប់អារម្មណ៍ ក្នុងការទិញលំនៅឋានដែលនៅក្បែរសាលារៀន ផ្សារទំនើប និងមានសេវាកម្មចំរុះនៅក្បែរនោះ។
លោកស្រី Grace Rachny Fong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា “ទីផ្សារក្នុងស្រុកកំពុងចាប់ផ្តើមបង្ហាញសក្តានុពលកាន់តែច្រើន។ តំបន់សែនសុខដែលមានAEON2 និងសាលារៀននិងជាទីតាំងល្អសម្រាប់គ្រួសារ ក្នុងស្រុកវ័យក្មេងមានចាប់អារម្មណ៍ខ្លាំងសម្រាប់ការវិនិយោគ ដោយអ្នកអភិវឌ្ឍន៍ខុនដូដែលមានតំលៃសមរម្យ”។

លោកស្រីបន្តថា “អ្នកវិនិយោគក្នុងស្រុក កំពុងវិនិយោគនៅក្នុងខុនដូនៅទីនេះសម្រាប់កូនៗរបស់ពួកគាត់ដែលកំពុងធ្វើការ ឬសិក្សានៅបរទេស។ ពួកគាត់រំពឹងថា ពួកគេនឹងវិលត្រលប់មកប្រទេសវិញ និងចាប់ផ្ដើមគ្រួសារនៅក្បែរទីប្រជុំជនដែលជាទម្លាប់រស់នៅរបស់ពួកគេ ដោយសារមានទម្លាប់រស់នៅជាច្រើនឆ្នាំនៅបរទេស”៕