មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់កប់ពពកតម្លៃ ២០០លានដុល្លារបង្ហាញខ្លួននៅ តំបន់កោះនរា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងលំនៅដ្ឋានដ៏ទំនើប ទាន់សម័យ កម្ពស់៣៨ជាន់ មានតម្លៃទុនរហូត២០០លានដុល្លារសហរដ្ឋអាមេរិក នឹងផុសឡើងនៅតំបន់បឹងស្នោរ ក្បែរកោះនរា ក្រុងភ្នំពេញនាពេលខាងមុខនេះ។

អាគារ​ពាណិជ្ជកម្ម​ចំរុះ​ One​ Central​ Tower​ ដែល​មាន​កម្ពស់៣៨ជាន់​មាន​ចំនួន៥អាគារ​ សាងសង់​នៅ​លើ​ផ្ទៃដី២៤,០០០ម៉ែត្រការ៉េ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ B.I.C​ Group​ លោក​ យឹម​ លក្ខណ៍​ បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​នា​ព្រឹក​ថ្ងៃទី៦​ ឧសភា​នេះ​ថា​ ការរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ព្រឹក​នេះ​ គឺជា​ការ​ចាប់ផ្តើម​សាងសង់​នូវ​គម្រោង​អចលនទ្រព្យ​ដំបូងបង្អស់​របស់​ B.I.C​ Group​ នៅក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ការសាងសង់​ One​ Central​ ដែល​មាន​រយៈពេល2ឆ្នាំ​កន្លះ​។ នេះ​គឺជា​ជំហាន​ដំបូង​នៃ​ការ​អភិវឌ្ឍ​ជាច្រើន​ ដើម្បី​អភិវឌ្ឍ​តំបន់​បឹង​ស្នោ​ ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​លូតលាស់​ថ្មី​មួយទៀត​ដែល​ផ្តល់​នូវ​ការរស់នៅ​ ការងារ​ និង​ការកម្សាន្ត​ ដ៏​ទំនើប​សម្បូរ​បែប​លំដាប់​ពិភពលោក​។

លោក​បន្ត​ថា​ “One​ Central​ គឺជា​ការ​រួមបញ្ចូល​គ្នា​នូវ​ការិយាល័យ​ពាណិជ្ជកម្ម​ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ មន្ទីរពេទ្យ​ អគារ​ស្នាក់នៅ​ និង​ជា​តំបន់​ធម្មជាតិ​បៃតង​”។

One​ Central​ Tower​ មាន​ចំនួន៥អាគារ​ ដែល​ក្នុង​នោះ​ អាគារ​ចំនួន៤​ នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ រួមមាន​អាគារ​ការិយាល័យ​ ផ្សារ​ទំនើប​ មន្ទីរពេទ្យ​ទំនើប​ ភោជនីយដ្ឋាន​ជាដើម ដោយមានកម្ពស់២២ជាន់​ ដោយឡែក​អា​គារ​ចំនួ១​ទៀត ជា​ប្រភេទ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ដ៏​ទាន់សម័យដែលមានកម្ពស់រហូតដល់៣៨ជាន់​។

លោ​កយឹម​ លក្ខណ៍​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ “យើង​ចង់​ប្រែក្លាយ​តំបន់​នេះ​ជាផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ ដែល​អាចប​ង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​លំដាប់​ពិភពលោក​ ជាមួយនឹង​ការ​ទាក់ទាញ​ការ​វិ​និ​យោ​គធំៗ​លើ​ការរស់នៅ​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ធំៗ​”។ លោក​បន្ត​ថា​ “ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការរៀបចំ​ផែនការ​ ក្រុមហ៊ុន​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នូវ​ការធានា​មួយ​ដែល​ត្រូវតែ​អភិវឌ្ឍ​តំបន់​នេះ​ ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្តា​នុ​ពល​ខ្លាំងក្លា​ រួម​ជាមួយ​ការ​ផ្តល់​នូវ​បរិស្ថាន​រស់នៅ​ល្អ​បំផុត​ ដល់​ប្រជាពលរដ្ឋ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់​អចលនវត្ថុ​កម្ពុជា​(CVEA​) លោក​ច្រឹក​ សុ​ខនីម​ បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​វត្តមាន​ថ្មី​ នៃ​អគារ​ពាណិជ្ជកម្ម​ចំរុះ​មួយ​នេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ វា​ជា​រឿង​ល្អ​ចំពោះ​ការអភិវឌ្ឍន៍​ និង​ភាព​រីកចម្រើន​លើ​វិស័យ​សំ​ណង់​ទំនើប​ៗ។

បច្ចុប្បន្ន​នេះ​ ចំពោះ​តំបន់​បឹង​ស្នោ​រ បាន​និង​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​វា​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ ហើយ​មាន​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ ដែល​កម្រិតជីវភាព​មធ្យម​ និង​លើ​មធ្យម​ចូល​ទៅ​រស់នៅ​ទីនេះ​ច្រើន​ ជាពិសេស​ជា​បណ្តុំ​នៃ​បុរី​ សំណង់​លំនៅ​ដ្ឋាន​ច្រើន​ ហើយ​មិន​លើស​ពី​រយៈពេល៣ទៅ៤ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​បឹង​ស្នោ​រ នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​នេះ​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here