ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ២៣(NR23) ប្រវែង១៩,៨គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)។
បើគិតរហូតមកទល់ពេលនេះ ការងារជួសជុល ថែរទាំ និងលើកកំពស់កម្រិតផ្លូវនេះ សម្រេចការស្ថាបនាបានរួចរាល់១០០% ហើយកាលពីដើមខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ឲ្យដឹង។
-->
ក្រសួងបានឲ្យដឹងបន្តថា ខ្សែផ្លូវជាតិដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើង ដែលជាផ្នែកមួយចម្បង និងជាផ្លូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាព ក្នុងការជួយសម្រួលដល់ការធ្វើចរាចណ៍របស់បងប្អូនពលរដ្ឋ។

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូAC ការរចនាចិញ្ចើមផ្លូវការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរ ដែលមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល៣ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕
