ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកហក់ឡើងយ៉ាងគំហុក ដោយអូស្ត្រាលីនាំមុខគេ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅត្រីមាសទី៣ ឆ្នាំ២០២៥នេះ ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើង៥៦,៨ភាគរយដល់កម្រិតខ្ពស់បំផុតចំនួន៦៣,៨ពាន់លានដុល្លារអាមេរិក បើធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។

បើគិតលើមូលដ្ឋានប្រចាំត្រីមាស ការវិនិយោគនៅក្នុងតំបន់នេះបានហក់ឡើង៤៩,១ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ Asia-Pacific Capital Markets Insights របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានលើកឡើងថា ការកើនឡើងនេះត្រូវបានជំរុញដោយកិច្ចព្រមព្រៀងទិញ-លក់អចលនទ្រព្យពាណិជ្ជកម្មរវាងបណ្តាក្រុមហ៊ុនធំៗ។

លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា កំណើននៃការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅត្រីមាសទី៣ ជាសញ្ញាបង្ហាញពីការស្ទុះងើបឡើងវិញនៃទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងអំឡុងត្រីមាសទី៣ ការវិនិយោគអចលនទ្រព្យឆ្លងដែននៅក្នុងតំបន់សម្រេចបានទំហំទឹកប្រាក់ចំនួន១៧,៨ពាន់លានដុល្លារអាមេរិក ហក់ឡើង៧២,១ភាគរយបើធៀបនឹងត្រីមាសទី២ និងហក់ឡើង២៨,៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសអូស្ត្រាលីបាននាំមុខគេ ដោយស្រូបទាញបានទុនវិនិយោគចំនួន៥ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនផ្តោតលើទីផ្សារលំនៅដ្ឋាន និងឧស្សាហកម្ម។ ប្រទេសជប៉ុនឈរនៅលេខរៀងទី២ ដែលទាក់ទាញបានទុនវិនិយោគចំនួន៣,៥ពាន់លានដុល្លារ ដែលផ្តោតលើទីផ្សារការិយាល័យ។

ចំណែក ប្រទេសកូរ៉េខាងត្បូងបានឈរនៅលេខរៀងទី៣ ដោយទទួលបានទុនវិនិយោគឆ្លងដែនចំនួន២,៣ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនវិនិយោគលើទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងការិយាល័យ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here