ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានពីការផ្ទុះបែកពពុះក្នុងទីផ្សារអចលនទ្រព្យ ដែលអាចនាំឱ្យសេដ្ឋកិច្ចប្រឈមវិបត្តិធ្ងន់ធ្ងរ

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung បានព្រមានថា ពពុះទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះកំពុងស្ថិតក្នុងដំណាក់កាលជិតផ្ទុះបែក ខណៈលោកបានគាំទ្រការសម្រេចចិត្តរបស់ធនាគារកណ្តាលកូរ៉េ (BOK) ក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅថេរកាលពីសប្តាហ៍មុន។

លោក​ Lee បាន​ព្រមាន​ថា ប្រសិនបើធនាគារកណ្តាលកូរ៉េ​កាត់បន្ថយអត្រាការប្រាក់ នោះតម្លៃ​លំនៅដ្ឋាននឹងហក់​ឡើង​បន្ថែម​ទៀត។ លោក​បាន​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​ក្នុង​ការ​បញ្ចៀសការ​ជាប់​គាំង​សេដ្ឋកិច្ច​រយៈពេល​វែង​ដូច​ប្រទេស​ជប៉ុន បន្ទាប់ពីពពុះទីផ្សារអចលនទ្រព្យជប៉ុនផ្ទុះបែកក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។

កាលពីថ្ងៃទី២៣ ខែតុលា ធនាគារកណ្តាលកូរ៉េខាងត្បូង (BOK) បានរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរត្រឹម២,៥ភាគរយក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា។

ការសម្រេចចិត្តនេះធ្វើឡើងស្របតាមការរំពឹងទុករបស់ទីផ្សារ ដោយថ្លឹងថ្លែងពីការហក់ឡើងយ៉ាងគំហុកនៃតម្លៃអចលនទ្រព្យ ហានិភ័យទីផ្សាររូបិយបណ្ណ និងភាពមិនប្រាកដប្រជាជុំវិញការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក។

លោក Lee បានព្រមានថា ការបញ្ចុះអត្រាការប្រាក់អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលក្នងនោះ ទីផ្សារអចលនទ្រព្យជាប្រភពបង្កអស្ថិរភាពជាយូរមកហើយ។

ទីផ្សារអចលនទ្រព្យជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់បណ្តាអ្នកវិនិយោគ។នៅពេលតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់កប់ពពក គ្រួសារជាច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះ និងធ្វើឱ្យពលរដ្ឋជំពាក់បំណុលច្រើន។

តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើងរយៈពេល៣៨សប្តាហ៍ជាប់ៗគ្នាគិតត្រឹមថ្ងៃទី២០ ខែតុលា ទោះជារដ្ឋបាលរបស់លោក Lee បានដាក់ចេញវិធានការនានាដើម្បីទប់ស្កាត់យ៉ាងណាក្តី។ វិធានការទាំងនោះ រួមមានដូចជា ការដាក់កាតព្វកិច្ចឱ្យជនបរទេសត្រូវស្នើសុំការអនុម័តពីអាជ្ញាធរមូលដ្ឋាន មុនពេលទិញផ្ទះ និងការកំណត់ទំហំប្រាក់កម្ចីអតិបរមា អាស្រ័យលើតម្លៃផ្ទះ។

អ្នកទិញផ្ទះ ដែលមានតម្លៃចាប់ពី១,៥ពាន់លានវ៉ុនចុះក្រោម មានសិទ្ធិទទួលបានប្រាក់កម្ចីអតិបរមាត្រឹម៦០០លានវ៉ុន ខណៈអ្នកទិញផ្ទះ ដែលមានតម្លៃចាប់ពី១,៥ពាន់លានវ៉ុនទៅ២,៥ពាន់លានវ៉ុន មានសិទ្ធិទទួលបានប្រាក់កម្ចីអតិបរមាត្រឹម៤០០លានវ៉ុន។

ចំណែក អ្នកទិញផ្ទះ ដែលមានតម្លៃលើសពី២,៥ពាន់លានវ៉ុន មានសិទ្ធិទទួលបានប្រាក់កម្ចីអតិបរមាត្រឹម២០០លានវ៉ុន។ វិធានការទាំងនេះមានគោលបំណងទប់ស្កាត់ការទិញផ្ទះក្នុងគោលដៅវិនិយោគ(speculation)។

លោក Lee បានលើកឡើងថា ប្រសិនបើនិន្នាការនេះនៅតែបន្ត ពពុះអចលនទ្រព្យនឹងផ្ទុះបែកជាមិនខាន។នៅពេលរឿងនោះកើតឡើង យើងនឹងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់វិស័យទាំងអស់។ យើងត្រូវទប់ស្កាត់កុំឱ្យរឿងនោះកើតឡើង៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here