រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​៖ សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ចាប់ផ្តើម​លេចចេញ​ជារូបរាង​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​អះអាង​ថា​ សេដ្ឋកិច្ច​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​លេច​រូបរាង​ជា​បណ្តើរ​ៗ ដូចជា​ការប្រើ​ប្រាស់​ការ​ទូទាត់​ឌីជីថល​ ការ​កើនឡើង​នៃ​សកម្មភាព​កំសាន្ត​តាម​អន​ឡាញ​ សកម្មភាព​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និក​ជាដើម​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ កាលពី​ថ្ងៃទី​ ៦ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ លោក​ ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ឲ្យដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ព្រមទាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ ជា​វិស័យ​អាទិភាព​មួយ​យ៉ាង​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ដូចដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី៤​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ទោះបី​នៅពេល​នេះ​កម្ពុជា​ ស្ថិតនៅ​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​ក៏ដោយ​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ក្តាប់​យក​នូវ​កាលានុវត្ត​ភាព​ពី​បដិ​វត្ដ​ន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០​ និង​បច្ចេកវិទ្យា​ឌីជីថល​ ដោយ​ឈរ​លើ​មូលដ្ឋាន​មួយចំនួន​ដូចជា​៖ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​មានការ​អប់រំ​ខ្ពស់​ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស​, ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ និង​ឧបករណ៍​ឆ្លាតវៃ​, ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​តាមរយៈ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​, និង​ឌីជីថល​ភាវូបនីយកម្ម​ដែល​កំពុង​ជៈ​ឥទ្ធិពល​ជា​វិជ្ជមាន​ នៅក្នុង​គ្រប់​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​ជាតិ​។

លោក​រដ្ឋមន្ត្រី​ ត្រំាំ​ អ៊ី​វតឹ​ក បាន​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​នេះ​ សបញ្ជាក់​ពី​ស្មារតី​នៃ​ការចូលរួម​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​។

លោក​រដ្ឋ​មន្ត្រី​សង្ឈឹម​ថា​អនុស្សរណៈ​នេះ​នឹង​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មី​ៗបន្ថែម​ទៀត​ ក្នុង​ការសម្រេច​នូវ​គោលដៅ​នានា​ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក៏ដូចជា​រួមចំណែក​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ទៅជា​ប្រទេស​អភិវឌ្ឍន៍​នា​ពេល​អនាគត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here