រដ្ឋមន្រ្តីក្រសួងចំនួន២ជួបជាមួយអ្នកផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារ និងSMEs

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន២ កិច្ចជំនួបផ្គូផ្គងរវាងសមា​គមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត។

ជំនួបនេះមានការចូលរួម ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋា​គារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ២៥០នាក់ ក្នុងនោះមានការចូលរួមពីសិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន៦០។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះ លោករដ្ឋមន្រ្តី និងមន្រ្តី ថ្នាក់ដឹកនាំក្រសួងនិងតំណាងពីវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចជំនួបនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។

ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនថា កិច្ចជំនួបផ្គូផ្គងនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យ​សិប្ប​កម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។

លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើការងារមួយចំនួន រួមមាន ការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់៣ ខែម្តង ដោយចាប់ផ្តើមពីរាជធានី ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផលិតផល ដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានា បង្កលក្ខណៈអំណោយផល ដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរជាដើម។

ថ្លែងក្នុងពិធីនេះផងដែរ លោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល លើការងារលើកកម្ពស់និងធានានូវស្តង់ដារ បច្ចេកទេស និងគុណភាពផលិតផល ដោយគិតគូរជាសំខាន់ លើការថ្លឹងថ្លែងរវាងសមត្ថភាពអ្នកផលិត និងសុខមាលភាពអ្នកប្រើប្រាស់។

ក្នុងនោះផងដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធ នឹងការបន្តផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រ ផ្តល់តម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យកាន់តែផុលផុសបន្ថែមទៀត និងយូរអង្វែង ការស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់ អំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាព ក្នុងផលិតកម្មសំដៅធានាបាននូវគុណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here