ដោយនៅ វឌ្ឍនា
ភ្នំពេញៈ ក្រុមហ៊ុនRoyal Group បានចាប់ផ្តើមបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយលើផ្ទៃដីជិត១ហិកតា ដែលអាចនឹងចំណាយទឹកប្រាក់វិនិយោគរហូតដល់រាប់រយលានដុល្លារនៅក្នុងខ័ណ្ឌទួលគោក។
ដោយនៅ វឌ្ឍនា
ភ្នំពេញៈ ក្រុមហ៊ុនRoyal Group បានចាប់ផ្តើមបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយលើផ្ទៃដីជិត១ហិកតា ដែលអាចនឹងចំណាយទឹកប្រាក់វិនិយោគរហូតដល់រាប់រយលានដុល្លារនៅក្នុងខ័ណ្ឌទួលគោក។
ការបើកសម្ភោធគំរោង (Royal Platinum) ធ្វើឡើងក្រោមការចូលរួមពីអ្នកឧកញ៉ា គិត ម៉េងអគ្គនាយកក្រុមហ៊ុនRoyal Group ជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Hong Lai Huat របស់ប្រទេសសិង្ហបុរីនាព្រឹកថ្ងៃទី៧ ឧសភានេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ មានផ្ទៃក្រឡាសំណង់ ១០ម៉ឺនម៉ែត្រការ៉េ ហើយគម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជាជន ទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគ ឲ្យបានកាន់តែច្រើនថែមទៀត នៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។
គំរោងនេះរួមមាន ប្រភេទផ្ទះអាផាតមិន៨៥១ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបាន៥០ខ្នងនឹងត្រូវបានសាងសង់ លើដីអភិវឌ្ឍន៍ដែលមានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)។ ហាងលក់ទំនិញ ដែលស្ថិតលើ ផ្លូវក្នុងបុរី នឹងមាន ភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្ម លើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះជាច្រើនប្រភេទរួមមាន៖ ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម -ល-។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Royal Group បានបញ្ជាក់ថា សំណង់អគារលំនៅដ្ឋាន និងស្តង់លក់ទំនិញនេះ នឹងត្រូវបានចាប់ផ្តើមដាក់លក់នៅខែមិថុនាឆ្នាំនេះ ជាមួយនឹងការសាងសង់ដែលរំពឹងថា នឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំកន្លះ។
នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group លោក Mark Hanna បានមានប្រសាសន៍ក្នុងពិធីនោះថា ការអភិវឌ្ឍនេះមានសារៈសំខាន់ប្រកបដោយភាពរីកចម្រើន ក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយ នៅចំណុចកណ្តាលទីក្រុង។
លោកបន្ថែមថា «ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះ នឹងផ្តល់នូវភាពទំនើបទាក់ទាញ ក្នុងការរស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពលជាមួយ នឹងការិយាល័យការងារដ៍ទំនើប។ ការអភិវឌ្ឍនេះ ក៏នឹងផ្តល់នូវជម្រើសក្នុងការទិញទំនិញដ៏ច្រើន និងកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំងហាងទំនិញក្នុងបុរី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណជាដើម»៕