ការជួលអាផាតមុិននៅទីក្រុងហុងកុងកើនឡើងយ៉ាងគំហុក​ ខណៈប្រជាជនចិនដីគោក និងជនបរទេសវិលត្រឡប់មកវិញ

0

ដោយ: សហសេវិក
អន្តរជាតិ: ចំនួនកិច្ចព្រមព្រៀងជួលអាផាតមុិននៅទីក្រុងហុងកុងបានបន្តកើនឡើងនៅឆ្នាំនេះ ដោយសារតម្រូវការរបស់ក្រុមអ្នកមានមកពីចិនដីគោក និងជនបរទេសមកពីបណ្តាប្រទេសលោកខាងលិច។

កំណើននេះសម្រេចបាន ស្របពេលទីផ្សារភាគហ៊ុនរបស់ទីក្រុងហុងកុងស្ទុះងើបឡើងថ្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលទីក្រុងហុងកុងក្នុងការទាក់ទាញបណ្តាវិនិយោគិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

យោងតាមទិន្នន័យដែលចងក្រងដោយភ្នាក់ងារអចលនទ្រព្យ Centaline Property Agency បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ កិច្ចព្រមព្រៀងជួលអាផាតមុិនចំនួន១៦៨ ដែលមានតម្លៃជួលចំនួន១០០.០០០ដុល្លារហុងកុង (១២.៨៧០ដុល្លារអាមេរិក) ក្នុងមួយខែ ត្រូវបានចុះហត្ថលេខា។

ចំនួននេះមានការកើនឡើង១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់សរុបនៃកិច្ចព្រមព្រៀងជួលអាផាតមុិនទាំងនោះបានកើនឡ់ង៥ភាគរយធៀបនឹងឆ្នាំមុន ដល់៤៤លានដុល្លារហុងកុង។

លោកស្រី Victoria Allan ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន Habitat Property បានមានប្រសាសន៍ឱ្យដឹងថា យើងសង្កេតឃើញមានការកើនឡើងជាបន្តបន្ទាប់នូវចំនួនពលរដ្ឋចិនដីគោក ដែលហូរចូលមកទីក្រុងហុងកុង ព្រោះការផ្លាស់ប្តូរទីលំនៅដើម្បីស្វែងរកការងារមានភាពងាយស្រួលជាងមុន។

ជាមួយគ្នានេះ លោកស្រី Allan បានគូសបញ្ជាក់ថា ជនបរទេស ដែលធ្លាប់រស់នៅក្នុងទីក្រុងហុងកុង ហើយបានចាកចេញក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ កំពុងវិលត្រឡប់មកកាន់ទីក្រុងហុងកុងវិញ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here