តើទីផ្សារការិយាល័យនៅចំកណ្តាលរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីមានស្ថានភាពវិវត្តន៍ដូចម្តេចនៅត្រីមាសទី៣?

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា ស្តុកការិយាល័យសរុបនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD)នៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីបានស្ថិតនៅទ្រឹងត្រឹម៧,៤លានម៉ែត្រការ៉េនៅត្រីមាសទី៣ ឆ្នាំ២០២៥។

ក្រុមហ៊ុនខាងលើរំពឹងថា តំបន់ CBD នៅទីក្រុងហ្សាការតានឹងមិនទទួលបានគម្រោងថ្មីណាមួយឡើយរហូតដល់ចុងឆ្នាំ២០២៥ ហើយការផ្គត់ផ្គង់សរុបនឹងនៅតែស្ថិតក្នុងកម្រិតបច្ចុប្បន្ន។

សកម្មភាពជួលការិយាល័យនៅតែមានភាពរឹងមាំនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ជាពិសេស អគារការិយាល័យទើបសាងសង់រួចរាល់ ឬបំពាក់គ្រឿងបរិក្ខាររួចជាស្រេច ដែលបង្កភាពងាយស្រួលដល់ក្រុមហ៊ុននានាក្នុងការពង្រីក ឬផ្លាស់ប្តូរទីតាំងយ៉ាងឆាប់រហ័ស។

តម្រូវការជួលការិយាល័យសរុបសម្រេចបានចំនួន២៣.៧០០ម៉ែត្រការ៉េក្នុងអំឡុងត្រីមាសទី៣ ដែលនាំឱ្យតម្រូវការសរុបក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ កើនឡើងដល់៧៩.០០០ម៉ែត្រការ៉េ។ ក្នុងនោះ ចំនួនប្រហែល៩៣ភាគរយនៃតម្រូវការសរុបមានប្រភពមកពីការិយាល័យកម្រិត A។

អត្រាគ្របដណ្តប់ការជួលការិយាល័យនៅតំបន់ CBD ក្នុងរដ្ឋធានីហ្សាការតាបានកើនឡើង០,៣ភាគរយ ដល់ចំនួន៧៦,៣ភាគរយគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃតម្រូវការជាបន្តបន្ទាប់។

តម្លៃជួលការិយាល័យនៅសង្កាត់ Sudirman នៅចំកណ្តាលទីក្រុងហ្សាការតាមានទំហំទឹកប្រាក់ជាមធ្យមចំនួន១៨,៧៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលការិយាល័យនៅសង្កាត់ Kuningan មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៣,៣ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Cushman & Wakefield៕

LEAVE A REPLY

Please enter your comment!
Please enter your name here