ការលក់ផ្ទះថ្មីនៅសិង្ហបុរីហក់ឡើងខ្ពស់កប់ពពកនៅត្រីមាសទី៣ និងរំពឹងបន្តកើនឡើងរហូតដល់ដំណាច់ឆ្នាំ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍ពីក្រុមហ៊ុន Savills Singapore បានឱ្យដឹងថា ការលក់ផ្ទះថ្មីនៅប្រទេសសិង្ហបុរីបានកើនឡើងជិត៣ដងដល់ចំនួន៣.២៨៨យូនីតក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ បើធៀបនឹងចំនួន១.២១២យូនីតក្នុងត្រីមាសទី២។

បើគិតលើមូលដ្ឋានប្រចាំំឆ្នាំ ការលក់ផ្ទះថ្មីនៅទូទាំងប្រទេសនេះបានហក់ឡើង១៨៣,៤ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននៃការលក់ត្រូវបានជំរុញដោយការកើនឡើងនៃការបើកដាក់ឱ្យដំណើរការនូវគម្រោងលំនៅឋានថ្មីសរុបចំនួន៩ក្នុងអំឡុងត្រីមាសទី៣។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Singapore។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ចំនួនលំនៅឋាន ដែលបានបើកដំណើរការលក់មានចំនួន៤.១៩១យូនីត កើនឡើងជាង២ដង បើធៀបនឹងលំនៅឋានចំនួន១.៥២០យូនីត ដែលបានដាក់ឱ្យដំណើរការក្នុងត្រីមាសទី២ ឆ្នាំនេះ។

គម្រោងលំនៅឋាន ដែលលក់ដាច់ជាងគេបំផុតទាំង៥ ជាគម្រោងថ្មីៗ ដែលទើបនឹងបើកដាក់លក់ក្នុងត្រីមាសទី៣ ដោយគម្រោង Lydenwoods ឈរនៅលំដាប់កំពូល តាមពីក្រោយដោយគម្រោង Springleaf Residence គម្រោង River Green គម្រោង Upperhouse at Orchard Boulevard និងគម្រោង Canberra Crescent Residences។

ក្រុមហ៊ុន Savills រំពឹងថា ការលក់ផ្ទះនៅសិង្ហបុរីនឹងនៅតែបន្តកើនឡើងរហូតដល់ចុងឆ្នាំនេះ មុនពេលធ្លាក់ចុះនៅឆ្នាំ២០២៦ ដោយសារភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here