តម្លៃផ្ទះនៅប្រទេសអង់គ្លេសនៅខែតុលា កើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានចាប់តាំងពីខែមករា

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអង់គ្លេសនៅខែតុលា ឆ្នាំ២០២៥ បានកើនឡើងក្នុងល្បឿនលឿនបំផុតគិតចាប់តាំងពីខែមករាមក ខណៈលោកស្រី Rachel Reeves រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស គ្រោងបញ្ចេញផែនការកញ្ចប់ថវិកានៅថ្ងៃទី២៦ ខែវិច្ឆិកា។

តម្លៃផ្ទះបានកើនឡើង០,៦ភាគរយកាលពីខែតុលា ដល់ទំហំទឹកប្រាក់ចំនួន២៩៩.៨៦២ ផោន (៣៩៣.៨៩១ដុល្លារ) បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងត្រឹមតែ០,១ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយក្នុងខែកញ្ញា។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃផ្ទះបានកើនឡើង១,៩ភាគរយ បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងត្រឹមតែ១,៥ភាគរយ និងកំណើនក្នុងអត្រាប្រចាំឆ្នាំចំនួន១,៣ភាគរយនៅក្នុងខែកញ្ញា។

លោក Ashley Webb សេដ្ឋវិទូនៅក្រុមហ៊ុន Capital Economics បានលើកឡើងថា ទីផ្សារលំនៅឋានអង់គ្លេសនៅតែមានភាពធន់ ទោះជាមានការរំពឹងទុកចំពោះការដំឡើងពន្ធនៅក្នុងផែនការថវិការបស់លោកស្រី Rachel Reeves យ៉ាងណាក្តី។

លើសពីនេះទៅទៀត តម្លៃផ្ទះអាចនឹងកើនឡើងបន្ថែមទៀត ដោយសារអត្រាការប្រាក់លើកម្ចីទិញផ្ទះអាចនឹងថយចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ខណៈធនាគារកណ្តាលអង់គ្លេស(BoE) ត្រូវបានគេរំពឹងថា នឹងបញ្ចុះអត្រាការប្រាក់នៅខែធ្នូខាងមុខ៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here