កំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ
ដោយ វុត្ថា
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ គឺបានកើនឡើងពីទឹកប្រាក់ជាង ៥០០លានដុល្លារអាមេរិក (២០១២) ដល់ទៅជាង ១ពាន់លានដុល្លារអាមេរិក (២០១៨) ។
លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ Marshal John Philliban មេបញ្ជាការរងកងទ័ពជើងអាកាសអង់គ្លេស បានស្នើឱ្យពាណិជ្ជករ និងប្រជាជនចក្រភពអង់គ្លេស បន្តគាំទ្រទិញទំនិញពីកម្ពុជាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
-->
លោករដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនប្រតិភូយោធាអង់គ្លេស អំពីវឌ្ឍនភាពនៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ព្រមទាំងការចូលរួមរបស់ក្រសួងពាណិជ្ជកម្មជាមួយក្រសួងពាក់ព័ន្ធ នៅក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងការលុបបំបាត់ពលកម្មកុមារ តាមរយៈកិច្ចសហការភាពជាដៃគូជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សំដៅធានាការអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាប្រកបដោយនិរន្តរភាព។
លោកឧត្តមសេនីយ៍ Marshal John Philliban និងគណៈប្រតិភូ បានសម្តែងចំណាប់អារម្មណ៍ខ្ពស់ ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលប្រទេសទាំងពីរសម្រេចបាន និងបានថ្លែងអំណរគុណដល់ លោករដ្ឋមន្រ្តីស្តីទី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗទាំងនេះ។

លោកឧត្តមសេនីយ៍ និងគណៈប្រតិភូ ក៏បានសន្យាពាំនាំសំណើរបស់លោករដ្ឋមន្រ្តីស្តីទី ទៅជម្រាបជូនរាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដើម្បីបន្តសហការ និងជួយគាំទ្រទិញទំនិញរបស់កម្ពុជា ផងដែរ៕