ទីក្រុងហាណូយគ្រោងដំឡើងតម្លៃដីធ្លីនៅឆ្នាំ២០២៦ ខណៈក្រុមអ្នកជំនាញព្រមានពីហានិភ័យចំពោះទីផ្សារ

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកជំនាញបានជំរុញឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្នចំពោះសំណើរបស់ទីក្រុងហាណូយក្នុងការដំឡើងតម្លៃដីធ្លីនៅក្នុងរដ្ឋធានី ដោយព្រមានថា ចំណាត់ការនេះអាចធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែឡើងកំដៅខ្លាំងបន្ថែមទៀត(overheat)។

អាជ្ញាធរទីក្រុងហាណូយបានបញ្ចប់សេចក្តីព្រាងក្របខ័ណ្ឌតម្លៃដីធ្លីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលស្នើឱ្យមានការដំឡើងតម្លៃដីនៅក្នុងតំបន់ភាគច្រើន។ ក្រោមសេចក្តីព្រាងនេះ តម្លៃដីនៅតំបន់កណ្តាលទីក្រុងនឹងកើនឡើងប្រហែល២ភាគរយ ខណៈតម្លៃដីនៅតំបន់ជាយក្រុងនឹងកើនឡើង២៦ភាគរយ។

អាជ្ញាធរបាន​ឱ្យ​ដឹង​ថា ​ក្របខ័ណ្ឌ​តម្លៃ​ដីធ្លី​បម្រើ​ជា​មូលដ្ឋាន​សម្រាប់​គោលនយោបាយ​ទាក់ទង​នឹង​ដីធ្លី និង​ការទាក់ទាញ​ការវិនិយោគ។ ការ​ដំឡើង​នេះ​មាន​គោលបំណង​បង្រួម​គម្លាត​រវាង​តម្លៃ​ដីធ្លី​ផ្លូវការ និង​តម្លៃ​ទីផ្សារ​ជាក់ស្តែង និង​ធ្វើ​ឱ្យ​មាន​សុខដុមនីយកម្មដល់​អត្ថប្រយោជន៍​រវាង​រដ្ឋ អ្នកប្រើប្រាស់​ដីធ្លី និង​អ្នកវិនិយោគ។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា សំណើនេះអាចធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែឡើងកំដៅខ្លាំងបន្ថែមទៀត ស្របពេលមានការកើនឡើងយ៉ាងគំហុកនៃតម្លៃលំនៅឋាននៅក្នុងរដ្ឋធានីហាណូយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមអ្នកជំនាញទទួលស្គាល់ថា ការកែសម្រួលក្របខ័ណ្ឌតម្លៃដីធ្លីជារឿងចាំបាច់ដើម្បីឆ្លុះបញ្ចាំងពីតម្លៃទីផ្សារឱ្យបានកាន់តែប្រសើរ។ ប៉ុន្តែ កង្វះនៃការគ្រប់គ្រង និងផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការអនុវត្តអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

ការដំឡើងតម្លៃ​ដីធ្លី​ផ្លូវការដោយរដ្ឋនឹង​ជំរុញឱ្យ​បណ្តាអ្នក​អភិវឌ្ឍន៍​អចលនទ្រព្យត្រូវចំណាយដើមទុនខ្ពស់ជាងមុន ដែល​នឹង​ជំរុញ​ឱ្យតម្លៃលំនៅឋានកើនឡើង និង​ធ្វើ​ឱ្យអ្នកស្វែងរក​ផ្ទះ​ភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការទិញលំនៅឋាន​៕ប្រភព: Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here