ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Dar Global របស់អារ៉ាប៊ីសាអូឌីតគ្រោងផ្តល់មូលនិធិដល់គម្រោងសណ្ឋាគារ Trump International Hotel ថ្មីរបស់ខ្លួននៅកោះម៉ាល់ឌីវ ដោយលក់គ្រីបតូដល់បណ្តាវិនិយោគិនជាលក្ខណៈបុគ្គលរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Dar Global ដែលចុះបញ្ជីនៅទីក្រុងឡុងដ៍ និងជាដៃគូក្រៅប្រទេសដ៏សំខាន់មួយរបស់ក្រុមហ៊ុន Trump Organization កំពុងអភិវឌ្ឍគម្រោងចំនួន៧ ដូចជាអគារខ្ពស់កប់ពពកនៅទីក្រុងឌូបៃ រមណីយដ្ឋានវាយកូនហ្គោលនៅប្រទេសកាតា និងអចលនទ្រព្យប្រណីតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអូម៉ង់។
ជំនួសឱ្យការពឹងផ្អែកលើបណ្តាវិនិយោគិនធំៗ ឬក្រុមគ្រួសារអ្នកមាន លោក Ziad El Chaar នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Dar Global បានអះអាងថា ក្រុមហ៊ុនមានគោលបំណងកៀរគរប្រាក់ចំនួន៧០ភាគរយនៃមូលនិធិសាងសង់សណ្ឋាគារនៅកោះម៉ាល់ឌីវតាមរយៈការលក់គ្រីបតូដល់វិនិយោគិនជាលក្ខណៈបុគ្គល(Retail investor)។
លោក Ziad El Chaar បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារគ្រីបតូដ៏ធំបំផុត និងមានចំនួនអ្នកវិនិយោគលើគ្រីបតូច្រើនបំផុត។យើងមានបំណងកៀរគរទុនវិនិយោគតាមរយៈការលក់គ្រីបតូឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុនខាងលើបានបញ្ជាក់ប្រាប់កាសែត Reuters ថា ក្រុមហ៊ុន Dar Global កំពុងពិភាក្សាជាមួយគណៈកម្មការមូលបត្រ និងផ្សារហ៊ុន (SEC) របស់អាមេរិកលើបញ្ហានេះ ហើយយើងកំពុងស្វែងរកជម្រើសនៅក្នុងប្រទេសផ្សេងទៀត។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា ក្រុមហ៊ុន Dar Global ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុន Trump Organization អំពីគោលបំណងនៃការលក់គ្រីបតូដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់សណ្ឋាគារនៅកោះម៉ាល់ឌីវផងដែរ៕ប្រភព: The Business Times៕







