ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនកំពុងពិចារណាលើការដាក់ចេញវិធានការថ្មីៗ ដើម្បីជំរុញទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាករបស់ខ្លួន ស្របពេលមានក្តីបារម្ភថា ការដាំក្បាលចុះបន្ថែមទៀតនៃវិស័យនេះនឹងគំរាមកំហែងដល់ស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។
ក្រុមអ្នកបង្កើតគោលនយោបាយ រួមទាំងក្រសួងលំនៅឋាន កំពុងពិចារណាលើជម្រើសជាច្រើន ដូចជាការឧបត្ថម្ភធនលើប្រាក់កម្ចីទិញផ្ទះដល់អ្នកទិញផ្ទះថ្មីជាលើកដំបូងទូទាំងប្រទេស។ នេះបើយោងតាមប្រភពស្នើសុំមិនបញ្ចេញឈ្មោះ។
វិធានការផ្សេងទៀតដែលបានស្នើឡើងរួមមានការបង្កើនការបង្វិលប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់អ្នកទទួលបានកម្ចីទិញផ្ទះ និងការកាត់បន្ថយថ្លៃដើមនៃការទិញផ្ទះ។

ប្រភពដដែលបានកត់សម្គាល់ថា ផែនការនេះត្រូវបានពិភាក្សាចាប់តាំងពីត្រីមាសទី៣ ខណៈទីផ្សារលំនៅឋានចិនដាំក្បាលចុះកាន់តែខ្លាំងឡើង ដោយបន្ថែមថា ពេលវេលា និងគោលនយោបាយជាក់ស្តែង ដែលត្រូវអនុវត្តនៅមិនទាន់មានភាពប្រាកដប្រជា។
លោក Jeff Zhang អ្នកវិភាគអចលនទ្រព្យនៅក្រុមហ៊ុន Morningstar បានអះអាងថា ការបន្ធូរបន្ថយគោលនយោបាយសារពើពន្ធស្របតាមការរំពឹងទុកពីមុនរបស់យើង ហើយការកាត់បន្ថយពន្ធ និងថ្លៃសេវានឹងជំរុញសកម្មភាពទិញផ្ទះក្នុងកម្រិតមធ្យម។
លោកបន្តថា យើងជឿជាក់ថា ទំនុកចិត្តរបស់អ្នកទិញផ្ទះនៅតែមានសារៈសំខាន់ក្នុងការធ្វើឱ្យតម្លៃអចលនទ្រព្យមានស្ថិរភាពបន្ថែមទៀតដើម្បីឈានទៅរកការងើបឡើងវិញ៕ប្រភព: The Business Times ៕







