ទីក្រុងធំៗចំនួន៣នៅតំបន់អាសុីស្ថិតក្នុងចំណោមទីតាំងលក់រាយ ដែលមានតម្លៃជួលខ្ពស់ជាងគេបំផុតលើពិភពលោក

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ទីតាំងផ្សារទំនើបចំនួន៣នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅទីក្រុងហុងកុង ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ស្ថិតក្នុងចំណោមទីតាំងលក់រាយទាំង១០ ដែលមានតម្លៃជួលខ្ពស់ជាងគេបំផុតនៅទូទាំងពិភពលោក។

របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានរកឃើញថា តំបន់ផ្សារទំនើប Tsim Sha Tsui នៅទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ៤នៅទូទាំងពិភពលោក និងលេខ១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានតម្លៃជួលចំនួន១៦.០២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ។

លោក John Siu នាយកគ្រប់គ្រងនៅក្រុមហ៊ុន Cushman & Wakefield Hong Kong បានលើកឡើងថា ចំណាត់ថ្នាក់របស់តំបន់ Tsim Sha Tsui សរបង្ហាញពីកំណើនភ្ញៀវទេសចរមកកាន់ទីក្រុងហុងកុង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អាជ្ញាធរក្នុងការលើកកម្ពស់វិស័យទេសចរណ៍។

ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ធំៗនៅទីក្រុងហុងកុងរបស់ប្រទេសចិន បានជំរុញការចំណាយរបស់ភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសកម្មភាពជួលក្នុងចំណោមម៉ាកយីហោលក់រាយនៅតាមដងផ្លូវសំខាន់ៗ។

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងទៀតថា តំបន់ផ្សារទំនើប Ginza ក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់ទី៦ ដោយតម្លៃជួលប្រចាំឆ្នាំបានឈានដល់១៣.២៩៥ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំនេះ កើនឡើង១០ភាគរយធៀបនឹងឆ្នាំមុន។

ចំណែក តំបន់ Myeongdong ក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់លេខ៩ ដោយមានតម្លៃជួលចំនួន៦.៩១០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ កើនឡើងប្រហែល១ភាគរយបើធៀបនឹងឆ្នាំមុន៕ប្រភព: Vnexpress ៕

LEAVE A REPLY

Please enter your comment!
Please enter your name here