ដោយៈ ម៉ាលីន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាង ឥឡូវនេះប្រហែល៦០-៧០ភាគរ យនៃទំនិញដែលមាននៅក្នុងទីផ្សារ ជាផលិតផលកម្ពុជា ខណៈដែលភាគរយនៅសេសសល់ ត្រូវបាននាំចូលពីប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មាន ក្នុងអំឡុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ (CTExpo) ក្រោមប្រធានបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក”។
លោកបានបន្ថែមថា កម្ពុជាឥឡូវនេះ កំពុងនាំចូលទំនិញមិនត្រឹមតែពីប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។
លោកបានបញ្ជាក់ថា កម្ពុជាបានឈប់នាំចូលប្រេង ឧស្ម័ន បន្លែ និងផ្លែឈើពីប្រទេសថៃ ហើយឥឡូវនេះ នាំចូលផលិតផលទាំងនេះពីប្រទេសវៀតណាម និងសិង្ហបុរីជំនួសវិញ។

កម្ពុជាក៏នាំចូលទំនិញយ៉ាងច្រើនផងដែរ ជាពិសេសគ្រឿងឧបភោគបរិភោគពីប្រទេសម៉ាឡេស៊ី។ យោងតាមស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ការនាំចូលទំនិញម៉ាឡេស៊ីរបស់កម្ពុជា បានកើនឡើងពីបីទៅបួនដង បើប្រៀបធៀបទៅនឹងរយៈពេលមុនៗ។
លោកបានបន្តថា “នេះបង្ហាញថា នៅពេលដែលប្រទេសថៃបោះបង់ចោលឱកាស គឺប្រទេសថៃជាអ្នកខាតបង់ ខណៈដែលប្រទេសជិតខាងរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍”។
លោកបន្តថា កម្ពុជាយល់ពីរឿងនេះ ពីព្រោះយើងបានខិតខំប្រឹងប្រែងផលិតសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ ទោះបីជាផលិតផលរបស់យើង ប្រហែលជាមិនមានសោភ័ណភាព ដែលចង់បាននៅពេលនេះក៏ដោយ យូរៗទៅគុណភាពនៃការវេចខ្ចប់នឹងប្រសើរឡើង ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់យើង។
អ្នកនាំពាក្យក្រសួងបានបន្តថា រដ្ឋាភិបាលរក្សាជំហរច្បាស់លាស់ក្នុងការធ្វើពិពិធកម្ម និងពង្រឹងទីផ្សារក្នុងស្រុក ដោយលើកកម្ពស់ បង្កើន និងលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលកម្ពុជា គាំទ្រដល់អ្នកផលិត និងការពារគុណភាព សុវត្ថិភាព និងសុខភាពសាធារណៈចំណីអាហារ តាមរយៈការពង្រឹងស្តង់ដារត្រួតពិនិត្យ និងវេចខ្ចប់៕







