ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធាន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែកឯកជន បានដឹកនាំសមាជិក សមាជិកជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមសហដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការរៀបចំវេទិការស្តីពីពន្ធដារ។
កិច្ចប្រជុំនេះបានចូលរួមដោយសហប្រធាន ដឹកនាំដោយ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធាននៃយន្តការភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែករដ្ឋាភិបាល។
-->
កម្មវិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំ និងវេទិការនេះគឺដើម្បីពិភាក្សាលើចំណុចមួយចំនួនដូចជា ទី១. ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមសេសសល់ និងបញ្ហាប្រឈមនានាដែលស្នើឡើង ដោយផ្នែកឯកជនពាក់ព័ន្ធនឹងសមត្ថកិច្ចពន្ធដារ។ ទី២. ត្រៀមសម្រាប់ការរៀបចំ “វេទិការស្តីពីពន្ធដារ” ដែលជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយ និងជជែកពិភាក្សាលើប្រធានបទសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជា ដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធ និងជាពិសេសទទួលយក និងដំណោះស្រាយនូវបញ្ហាប្រឈមពីផ្នែកឯកជន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលតាមរយៈយន្តការភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានដើរតួនាទីយ៉ាងសំខាន់ ដែលផ្នែកឯកជនប្រើប្រាស់យន្តការនេះដើម្បីលើកឡើងនូវបញ្ហា ប្រឈមពាក់ព័ន្ធនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ក្នុងន័យចូលរួមចំណែក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ។
បន្ថែមពីនេះ អ្នកឧកញ៉ាប្រធាន ក៏បានស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ ត្រូវធ្វើយ៉ាងណាការធ្វើធុរកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាសហប្រធាននៃយន្តការភាពជាដៃគូ បង្កើតឱ្យមានគណៈកម្មការមួយ ដើរតួនាទី ក្នុងការត្រួតពិនិត្យលើកែធ្វើកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ក្នុងន័យធ្វើយ៉ាងណាទាក់ទាញបន្ថែមទៀតអ្នកវិនិយោគចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យពន្ធដារ ដែលផ្នែកឯកជនបានលើកឡើងសរុបមានចំនួន៥៦។ ក្នុងនោះបញ្ហាទាំងនោះ មិនបានរាប់បញ្ចូលវិធានការទាំង៥៦ ដែលបានដោះស្រាយរួចរាល់ កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។
ការរៀបចំវេទិកានេះ នឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ នៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធដែលកំពុងអនុវត្តស្រាប់ជាធរមាន។ ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ “វេទិកាស្តីពីពន្ធដារ-Tax Forum” យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធ នឹងពន្ធដារជាធរមានក៏មានផងដែរ រួមមាន៖ ១. យន្តការ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលជាក្រុមការងារសម្រួលដល់ក្រុម “ឃ” ជាយន្តការទទួល ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈម និងការស្រាយបំភ្លឺចំណុចនានា ពាក់ព័ន្ធនឹងពន្ធដារកម្រិតបច្ចេកទេសជូន ដល់សហគ្រាសជាអ្នកជាប់ពន្ធធំ ឬអ្នកជាប់ពន្ធមធ្យម ដែលយន្តការនេះ ត្រូវឆ្លងកាត់កិច្ចពិភាក្សា និងដោះស្រាយដោយលក្ខណៈបច្ចេកទេស។
២.យន្ដការ “វេទិកាស្តីពីពន្ធដារ-Tax Forum” ជាយន្តការលើកកម្ពស់ការ យល់ដឹង និងការផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងពន្ធដារ ជូនអ្នកជាប់ពន្ធពីគ្រប់ស្រទាប់ទាំងអស់ ដែលរួមមាន សហគ្រាសអាជីវកម្ម, សហគ្រាសអ្នកជាប់ពន្ធតូចនិងមធ្យម, សហគ្រាសមីក្រូ, សហគ្រាសស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងរូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋទូទៅ ពោលគឺជាយន្តការផ្សព្វផ្សាយ អប់រំលក្ខណៈទូលាយ៕
