រដ្ឋាភិបាលកម្ពុជាចចារបន្ថែមទៀតលើពន្ឋបដិការបស់អាមេរិក ឲ្យធ្លាក់ក្រោម១៩ភាគរយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​កម្ពុជានៅ​តែ​បន្ត​កិច្ចខិតខំរបស់​ខ្លួន ​ក្នុង​ការ​​ចរចាដើម្បី​ស្នើ​សុំ​ឱ្យ​សហរដ្ឋអាមេរិក បញ្ចុះអត្រា​ពន្ធបដិការបន្ថែមទៀត ជា​ពិសេ​សសម្រាប់​ទំនិញ​សក្តានុពល​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក​។​

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​​ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ឆ្នាំ​២០២៥ នា​​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។​

លោក​ ចាន់ថុល បាន​លើក​ឡើង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​កាល​ពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានសម្រេច​ដាក់ពន្ធបដិការ​លើទំនិញ​កម្ពុជា ក្នុង​​​អត្រា ៤៩% ដែលជា​អត្រា​មួយ​ខ្ពស់​ជាង​គេលើពិភពលោក ដោយសារ​តែ​កម្ពុជាមានអត្រាអតិរេក ពាណិជ្ជកម្មខ្ពស់​ជាមួយ​សហរដ្ឋអាមេរិក។

លោក​បន្ត​ថា ភ្លាមៗ​ដោយយល់ឃើញ​ពីសារៈសំខាន់ នៃទីផ្សារសហរដ្ឋអាមេរិក រដ្ឋាភិបាលកម្ពុជា​​បាន​បង្កើត ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង​ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក ដែលមានរូបលោក​ផ្ទាល់​ជា​ប្រធាន។

លោក​បន្ថែម​ថា បន្ទាប់​ពី​កិច្ច​ខិតខំ​ក្នុង​ការ​ចរចា​ជាច្រើន​លើករួចមក​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​សម្រេច​ទម្លាក់​អត្រា​ពន្ធ​បដិការ​សម្រាប់​ទំនិញ​ពី​កម្ពុជា​ជាបន្ត​បន្ទាប់ គឺ​ពី៤៩% មក​នៅ​ត្រឹម៣៦% និង​បន្ត​ធ្លាក់​​មក​នៅ១៩%​។​ កម្ពុជា ​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ដែល​បាន​បើក​ការ​ចរចារឿង​​ពន្ធ​បដិការ​ជា​មួយ​សហរដ្ឋ​អាមេរិក។​

លោក​ថ្លែង​បញ្ជាក់ថា “​កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់​លើពិភពលោកដែលបានចុះហត្ថលេខា លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក​​ក្នុងអត្រាពន្ធ១៩% នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី”។ លោកបន្ថែមថា “កិច្ចព្រមព្រៀងនេះ​ផ្តល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់​សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផល​ទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក​”។​

ទោះយ៉ាង​ណា លោក ចាន់ថុល បាន​អះអាង​ថា កម្ពុជា​គឺ​នៅ​តែ​បន្ត​កិច្ច​ចរចា​រឿង​ពន្ធបដិការ ​ជាមួយ​សហរដ្ឋ​អាមេរិក ​រហូត​មក​ដល់​ពេល​នេះ​។​

លោក​​អះអាង​ថា“​ខ្ញុំផ្ទាល់ ជាមួយនិងលោកជំទាវ(រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម) និងក្រុមការងារទើបតែបានពិភាក្សាការងារ បន្តជាមួយភាគី​សហរដ្ឋអាមេរិក​កាលពីសប្តាហ៍មុន តាមរយៈប្រព័ន្ធវីនេអូពីចម្ងា​យ”។

លោកបន្ថែម​​​ថា​ កិច្ចខិតខំប្រឹងប្រែង​បាននិងកំពុងបន្ត ​ដើម្បីចរចាបញ្ចុះពន្ធបដិការបន្ថែមទៀត ​ជាមួយសហរដ្ឋអាមេរិក ទៅលើវិស័យអាទិភាពមួយចំនួន​រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះស្រូបទាញកម្លាំងពលកម្មច្រើន ជាពិសេសផ្តល់ឱកាសការងារយ៉ាងច្រើនដល់ស្ត្រី និងលើកស្ទួយ​កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here