ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនយក្សជប៉ុន Mitsubishi Corp. គ្រោងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនចំនួន២ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយរំពឹងថា នឹងចំណាយទុនវិនិយោគសរុបជាង១០ពាន់លានយ៉េន (៦៤,២លានដុល្លារ)។នេះបើយោងតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
ក្រុមហ៊ុន Mitsubishi បានទិញដីទំនេរនៅក្នុងសួនឧស្សាហកម្មចំនួន២ នៅក្បែរទីក្រុងហ្សាការតា។ ដីឡូត៍ទាំងនេះពីមុនធ្លាប់ជាកម្មសិទ្ធិរបស់ជនជាតិជប៉ុន។
ការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងបញ្ចប់រួចរាល់នៅខែឧសភា ឆ្នាំ ២០២៧។ ឃ្លាំងទាំងនេះនឹងបម្រើដល់ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក និងយានយន្តអគ្គិសនី ដែលកំពុងរីកចម្រើននៅប្រទេសឥណ្ឌូនេស៊ី។
-->
ក្រុមហ៊ុន Mitsubishi នឹងដឹកនាំការរចនា ការសាងសង់ និងការជ្រើសរើសអ្នកជួលឃ្លាំង ដែលនឹងគ្របដណ្តប់លើផ្ទៃដីសរុបចំនួន១១០.០០០ម៉ែត្រការ៉េ។
គិតចាប់តាំងពីឆ្នាំ២០២៣មក ក្រុមហ៊ុន Mitsubishi បានសហការជាមួយដៃគូផ្សេងទៀត ដើម្បីទិញភាគហ៊ុននៅក្នុងគម្រោងសាងសង់ឃ្លាំងចំនួន៣នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mitsubishi នឹងបញ្ចេញទុនវិនិយោគជាង៩០ភាគរយនៃដើមទុនសរុបដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនថ្មី។

យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន Ken Research បង្ហាញថា ទីផ្សារឃ្លាំងរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៤,២៥ពាន់លានដុល្លារនៅឆ្នាំ២០២៨ កើនឡើងពី២,៨៥ពាន់លានដុល្លារនៅឆ្នាំ២០២៣។
ប្រទេសឥណ្ឌូនេសុីជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំជាងគេមួយនៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា (អាស៊ាន)។
ទន្ទឹមនឹងនេះ ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ឥណ្ឌូនេស៊ីកំពុងរីកចម្រើនជាមួយនឹងការវិនិយោគពីក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនឈានមុខគេលើការផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន និងក្រុមហ៊ុនផលិតផ្សេងទៀត៕ប្រភព: Nikkei Asia៕
