ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនបុរីប៉េង ហួតនឹងសាងសង់ផ្សារទំនើបបែបបរិស្ថានធំជាងគេទី១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលមានទំហំដីជិត៧ហិកតា។
យោងតាមបុគ្គលិកក្រុមហ៊ុនប៉េង ហួតដែលបដិសេធសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ ធ្នូនេះថា ផ្សារទំនើបនេះនឹងដាក់ឈ្មោះ PH Eco Mall ជាផ្សារដែលនឹងមានដាំដើមឈើជាច្រើន ដើម្បីលំអរដល់គំរោងនេះ ហើយផ្សារទំនើបនេះ នឹងផ្តល់កន្លែងកំសាន្តដ៏សម្បូរបែប សម្រាប់អតិថិជន ដែលមកកាន់ផ្សារនេះ។ តាមគំរោងផ្សារទំនើបនេះ នឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗនេះ។
-->
ផ្សារទំនើប PH Eco Mallនឹងធ្វើឲ្យតំបន់ស្ថិតនៅជាប់ផ្លូវជាតិលេខ១ កាន់តែរសរវើក និងធ្វើឲ្យតំបន់នេះទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនថែមទៀត ខណៈពេលផ្លូវជាតិលេខ១ ទើបបញ្ចប់ការស្ថាបនាដោយក្រុមហ៊ុនជប៉ុន ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីពេលថ្មីៗនេះ។

ការបញ្ចប់ការស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ១ បានធ្វើឲ្យតំលៃដីនៅតំបន់នេះកើនឡើងខ្ពស់ ធៀបនឹងមុនពេលផ្លួវនេះសាងសង់ ហើយគំរោងអភិវឌ្ឍន៍ជាច្រើនបានឆ្ពោះទៅកាន់តំបន់នេះ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរីប៉េង ហួតកំពុងវិនិយោគទឹកប្រាក់៦០លានដុល្លារ ដើម្បីសាងសង់សួនកំសាន្តមានស្តង់ដាអន្តរជាតិ នៅតាមបណ្តោយផ្លូវជាតិលេខ១នេះផងដែរ។ សួនកំសាន្តនេះគ្រោងបើកដំណើរការនៅឆ្នាំ២០១៨ខាងមុខ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ការកើនឡើងនូវវត្តមានផ្សារទំនើប នៅរាជធានីភ្នំពេញកាន់តែច្រើន ជាសញ្ញាល្អ ដោយសារកំលាំងទិញនៅកម្ពុជាមានការកើនឡើង ប៉ុន្តែអ្នកវិនិយោគផ្សារទំនើបតូចៗមួយចំនួន កំពុងប្រឈមបញ្ហាផងដែរ ដែលទាមទារឲ្យពួកគេរឪបចំការឌីសាញអាគារ និងការររៀបចំស្តង់លក់ឲ្យមានភាពទាក់ទាញ ដើម្បីទប់ទល់នឹងការប្រកួតប្រជែងកាន់តែខ្លាំង។

អ្នកនាងបន្តថា “ទំហំផ្សារទំនើបនៅកម្ពុជា ធៀបជាមួយមនុស្សម្នាក់នៅមានទំហំតូចជាងប្រទេសថៃនៅឡើយ ហេតុនេះការវិនិយោគផ្សារទំនើបនៅមានសក្តានុពលបន្តទៀត”៕