ដោយ: សហសេវិក
អន្តរជាតិ: ការសាងសង់ផ្លូវដែកដំបូងដែលតភ្ជាប់ប្រទេសឡាវ និងវៀតណាម គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ និងគ្រោងដាក់ដំណើរការនៅឆ្នាំ២០៣០។នេះបើយោងតាមការប្រកាសនៅក្នុងសន្និសីទស្តីពីការជំរុញការវិនិយោគឡាវ-វៀតណាម ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍។
ផ្លូវយុទ្ធសាស្ត្រនេះនឹងតភ្ជាប់ទីក្រុងវៀងចន្ទន៍ទៅកាន់កំពង់ផែ Vung Ang របស់ប្រទេសវៀតណាម ដែលនឹងអនុញ្ញាតឱ្យប្រទេសឡាវអាចប្រើប្រាស់ផ្លូវពាណិជ្ជកម្មតាមផ្លូវសមុទ្រដ៏សំខាន់ជាលើកដំបូង។
គម្រោងនេះកំពុងត្រូវបានអនុវត្តក្រោមភាពជាដៃគូរវាងរដ្ឋ និងឯកជនរវាងក្រុមហ៊ុន Petroleum Trading Lao Public Company (PTL) និងក្រុមហ៊ុន Deo Ca Group JSC របស់វៀតណាម។
-->
លោក Chanthone Sitthixay ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន PTL បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសឡាវបានបញ្ចប់ការងាររៀបចំប្រមាណ៩០ភាគរយ រួមទាំងការកៀរគរថវិកា ការសិក្សាលទ្ធភាព ការស្ទង់មតិទីតាំង ការរចនា និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន។ ការសាងសង់កំណាត់ផ្លូវដែកនៅឡាវគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

បច្ចុប្បន្ន វៀតណាមកំពុងធ្វើការវាយតម្លៃផ្នែកសេដ្ឋកិច្ច និងការងាររចនាឌីហ្សាញដំបូង ដោយគ្រោងចាប់ផ្តើមការសាងសង់នៅឆ្នាំ២០២៧។ រដ្ឋាភិបាលនៃប្រទេសទាំងពីរមានគោលបំណងបញ្ចប់ការសាងសង់ផ្លូវដែកទាំងស្រុង និងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០៣០។
ខ្សែរថភ្លើងនេះនឹងគ្របដណ្តប់ចម្ងាយ៤៥២គីឡូម៉ែត្រក្នុងប្រទេសឡាវ និងកំណាត់ផ្លូវប្រវែង១១៩គីឡូម៉ែត្រនៅប្រទេសវៀតណាម។ ការវិនិយោគសរុបត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន៦,៦ពាន់លានដុល្លារអាមេរិក៕ប្រភព: Laotian Times៕
