ដោយ វុត្ថា
ភ្នំពេញៈ គំរោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ របស់ក្រុមហ៊ុន Royal Group សហការជមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Hong Lai Huat ប្រចាំនៅប្រទេសសិង្ហបុរី បានចាប់ផ្តើមសាងសង់គម្រោងអភិវឌ្ឍចម្រុះRoyal Platinum ក្នុងតំបន់ទួលគោកលើទំហំនៃការអភិវឌ្ឍន៍ចំនួន១០០,000 ម៉ែតការ៉េ។
លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group បានឲ្យដឹងក្នុងពិធីសម្ភោធគំរោងកាលពីថ្ងៃទី៧ ឧសភាកន្លងមកថា គម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជាជនទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។ ប្រភេទផ្ទះអាផាតមិនចំនួន ៨៥១ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបានចំនួន៥០ខ្នង ។
ហាងលក់ទំនិញដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្មលើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះជាច្រើនប្រភេទ រួមមាន ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម។ល។ សំណង់អគារលំនៅដ្ឋាន និងស្តង់លក់ទំនិញនេះ នឹងត្រូវបានចាប់ផ្តើមដាក់លក់នៅខែ មិថុនា ឆ្នាំនេះ ជាមួយនឹងការសាងសង់ដែលរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំកន្លះ។
លោក Mark Hanna បន្តថា ការអភិវឌ្ឍនេះមានសារៈសំខាន់ប្រកបដោយភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយនៅចំណុចកណ្តាលទីក្រុង។ លោកបញ្ជាក់ថា ការអភិវឌ្ឍនេះ ក៏នឹងផ្តល់នូវជម្រើសក្នុងការទិញទំនិញដ៏ច្រើន និងកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំងហាងទំនិញក្នុងបុរី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណជាដើម។
លោក Hanna បានបន្ថែមថា៖ «ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញក្នុងការររស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពលជាមួយនឹងការិយាល័យការងារដ៍ទំនើប។
លោកស្រី Grace Rachany Fong នាយិការក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា តំបន់ទួលគោក បាននឹងកំពុងក្លាយជាតំបន់សក្តានុពលខ្ពស់ទី៣ បន្ទាប់ពីតំបន់បឹងកេងកង ដោយសារមានគម្រោងសាងសង់អគារស្នាក់នៅ និងមិនត្រឹមតែប៉ុណ្ណោះ ក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មជាច្រើនផងដែរ។
លោកស្រីបន្តថា “តម្លៃដីនៅក្នុងតំបន់នេះ ក៏បានកើនឡើងរហូតដល់២០ទៅ ៣០ ភាគរយ ពោលគឺពីឆ្នាំមុខមានតម្លៃត្រឹមតែ១៨០០ដុល្លារអាមេរិក តែមកដល់ពេលបច្ចុប្បន្ននេះ មានតម្លៃចាប់២៥០០ ទៅ២៨០០ ដុល្លារអាមេរិកជាប្រភេទមានទំហំធំល្អ”។
លោកស្រីបន្តថា ក្រៅពីគម្រោងអគារពាណិជ្ជកម្ម ក៏មានភោជនីយដ្ឋានជប៉ុនជាច្រើនចូលទៅក្នុងតំបន់នេះ ហើយនៅជុំវិញតំបន់នេះ មានផ្សារទំនើប សាលារៀន និងអគារខុនដូ ជាមួយគ្នានេះអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលការអភិវឌ្ឍ អគារពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់នេះផងដែរ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជាការពិតណាស់តំបន់បឹងកក់នាពេលបច្ចុប្បន្ននេះ បាននិងកំពុងមានសក្តានុពលមួយបន្ទាប់ពីរាជ រដ្ឋាភិបាលសម្រេចធ្វើការកែប្រែតំបន់នេះ ទៅជាតំបន់អភិវឌ្ឍន៍ដែលកាលពីមុនតំបន់នោះមានសំណង់អាគារមិនរៀបរយ និងមិនមានសណ្តាប់ធ្លាប់ល្អ ព្រមទាំងជាតំបន់បញ្ចេញទឹកកង្វក់ អសន្តិសុខ ពុំមានបណ្តាញលូ និងហេដ្ឋារចនាសម្ព័ន្អល្អ។
លោកបន្តថា“ដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងឃើញមានគម្រោងធំៗជាច្រើនបានរីកដុះដាលយ៉ាងច្រើនក្នុងទីនោះ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមប្លង់អភិវឌ្ឍន៍រាជធានីភ្នំពេញ”។ លោកបន្តថា “ប្រជាពលរដ្ឋនៅក្នុងតំបន់នេះមានការជីវភាពល្អប្រសើរ តាមរយៈការលំហូចូលនូវគម្រោងវិនិយោគច្រើនរួមមាន អគារពាណិជ្ជកម្ម ខុនដូរ លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងមជ្ឍមណ្ឌលពាណិជ្ជកម្មចម្រុះ”៕