ក្រសួងធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងផ្លូវថ្នល់ដោយផ្តោតលើទោសបញ្ញត្តិ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីវិសោ​ធនកម្មច្បាប់ស្តីពីផ្លូវថ្លូវថ្នល់ លើមាត្រាដែលពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ។

លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើវិសោធនកម្ម សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ បានដឹកនាំប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារដែលជាមន្ត្រីជំនាញក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោកកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្លូវថ្នល់លើមាត្រាដែលពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ លើមាត្រាដែលពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ ឱ្យមានសង្គតិភាពគតិយុត្ត មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពវិវត្តន៍ពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់ ឱ្យកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋាភាពច្បាប់ ទម្រង់ និងខ្លឹមសារ រួចមក អង្គប្រជុំបានឯកភាពលើការកែសម្រួ​លពាក្យពេចន៍ និងខ្លឹមសារ លើមាត្រាដែលពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ ហើយនឹងរៀបចំបញ្ជូន សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់នេះ ទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំដាក់បញ្ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here