ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសទី៤ នៃកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ ក៏រួមជាមួយតំណាងសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងក្រុមការងារនៃអង្គការ GIZ Cambodia ដោយមានការចូលរួមពីថ្នាក់ដឹកនំា និងនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងពាណិជ្ជកម្មផងដែរ។
-->
គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយផ្សេងៗ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងនាពេលកន្លងមក ដោយភាគីអនុវត្តគម្រោងទំាងអស់ ព្រមទាំងពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍ណែនំាសំខាន់ៗ សម្រាប់ជាជំហានបន្ទាប់ ក្នុងការបន្តអនុវត្តគម្រោងតាមសមាសភាគនីមួយ ប្រកបដោយភាពជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងអង្គការ GIZ Cambodia ដែលបានរួមចំណែក ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងបានបង្ហាញពីឆន្ទៈ របស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ជាមួយគ្រប់ភាគីពាក់ព័ន្ធ សំដៅបន្តអនុវត្តគម្រោងនេះឱ្យបានកាន់តែជោគជ័យ៕
