អ្នកនាំពាក្យៈ កម្ពុជាមានច្រកដឹកជញ្ជូនទំនិញចម្រុះ និងប្រទាក់ក្រឡាមិនរងហានិភ័យការបិទដែនទឹករបស់ថៃ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ស្របពេលប្រទេសថៃបិទច្រកសមុទ្រជាមួយកម្ពុជា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានលើកឡើងថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា​ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់​ស្របតាមច្បាប់ និងវិធានអន្តរជាតិផងដែរ។

ការឆ្លើយតបរបស់កម្ពុជា​ បានធ្វើឡើងបន្ទាប់​ពី​យោធាថៃបានចេញបញ្ជាឱ្យបិទឈូងសមុទ្រថៃ ដោយ​លើក​ហេតុ​ផល​ថា ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារ​យោធាដែលកំពុងដឹកជញ្ជូន ចូលមកក្នុងប្រទេសកម្ពុជា​នា​ពេល​នេះ​។

អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ថា ប៉ុន្មានថ្ងៃមកនេះ​ឃើញកាសែតថៃ ​ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមានបិទ រាំងខ្ទប់​ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗ មកមកសំអាង​ក្នុងគោលដៅចិញ្ចឹមមហិច្ឆតាឈ្លានពាន បង្កសង្គ្រាម និង​ពង្រីកជម្លោះជាមួយកម្ពុជា។

លោកបាន​អះអាងថា “​កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ​ឆ្លើយតបគ្រប់ទម្រង់​ចំពោះមហិច្ឆតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ”។ លោកបន្ថែមថា “កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា​ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់​ស្របតាមច្បាប់ និងវិធានអន្តរជាតិ”។

ទីបញ្ជាការកងយោធាភូមិន្ទថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ​(NSC) ទប់ស្កាត់ការផ្គត់ផ្គង់ប្រេង និងយោធាមកកាន់ប្រទេសកម្ពុជា តាមរយៈឈូងសមុទ្រថៃ ចំពេលមានអារិភាពជាបន្តបន្ទាប់​ជា​មួយ​កម្ពុជា​។

លិខិតបន្ទាន់មួយពីប្រមុខ កងកម្លាំងប្រដាប់អាវុធ​ថៃ​ដែលចែកចាយកាល​ពី​ថ្ងៃអាទិត្យ បាន​បង្ហាញពីសំណើសុំឱ្យក្រសួងការពារជាតិថៃ ដាក់សំណើជាបន្ទាន់ទៅកាន់ NSC ដើម្បីបិទឈូងសមុទ្រចំពោះការផ្គត់ផ្គង់ប្រេង និងសង្គ្រាមដែលមានគោលដៅមកប្រទេស​កម្ពុជា។

យោងតាមសំណើនេះ NSC នឹងបញ្ជាឱ្យមជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្រថៃ (Thai-MECC) ស្ទាក់ចាប់ និងទប់ស្កាត់ការផ្គត់ផ្គង់ប្រេង និងទំនិញ​ដែលដឹកជញ្ជូន ដោយនាវាទាំងអស់​រួមទាំងនាវាពាណិជ្ជកម្ម និងទូកនេសាទ ​ដែលចាកចេញពីដែនទឹកថៃមកប្រទេស​កម្ពុជា។

លោក Panupan Rakkaew អ្នកសម្របសម្រួលនៅ Thai-MECC បាននិយាយថា មជ្ឈមណ្ឌលនេះ បានរៀបចំបទបញ្ជាពាក់ព័ន្ធរួចហើយ​ដើម្បីអនុវត្តការបិទផ្លូវផ្គត់ផ្គង់។ លោកបន្ថែមថា NSC អាចចេញបទបញ្ជាបែបនេះ ក្រោមច្បាប់ការពារផលប្រយោជន៍ជាតិសមុទ្រ។

អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកភូមិន្ទថៃ លោក Nara Khunthom បាននិយាយថា NSC នឹងមានកិច្ចប្រជុំ និងពិភាក្សាបញ្ហានេះនៅក្នុង​ថ្ងៃចន្ទម្សិលម៉ិញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here