ដោយៈ ម៉ាណា
ភ្នំពេញៈ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង ឈី (Wang Qi) អគ្គលេខាធិការរងសមាគមសហគ្រិនវ័យតក្មេងចិន។
ជំនួបនេះធ្វើឡើងក្នុងឱកាស ដែលគណៈប្រតិភូសហគ្រិនវ័យក្មេងចិន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យថ្មីៗរវាងប្រទេសទាំងពីរ។
-->
ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឧកញ៉ា គួច ផេងបានបញ្ជាក់ថា ប្រទេសទាំងពីរ មិនមែនត្រឹមតែជាអ្នកជិតខាងល្អនឹងគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ទៀតផង។
ឧកញ៉ាបន្ថែមទៀតថា ខណៈដែលកម្ពុជាកំពុងចាប់យកសេដ្ឋកិច្ចឌីជីថល និងការធ្វើនគរូបនីយកម្ម កម្ពុជាមានកាលានុវត្តភាពជាច្រើននៅក្នុងដំណោះស្រាយទីក្រុងឆ្លាតវៃ (Smart Cities) បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងការធ្វើទំនើបកម្មកសិកម្ម ដោយប្រែក្លាយពីការដាំដុះសាមញ្ញ ទៅជាការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់។

ស្របពេលជាមួយគ្នានេះ ឧកញ៉ាបានលើកទឹកចិត្តឱ្យសហគ្រិនចិន ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ដោយហេតុថា កម្ពុជាមានគោលនយោបាយគាំទ្រធុរកិច្ច និងការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន បូករួមទាំងកម្ពុជាសម្បូរ ទៅដោយកម្លាំងពលកម្មវ័យក្មេង និងមានទីផ្សារទូលំទូលាយ។
ឧកញ៉ាបានសង្កត់ធ្ងន់ថា “ការវិនិយោគនៅកម្ពុជា មិនត្រឹមតែផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក ដែលមានប្រជាជនប្រមាណ ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជ្រៀតចូលទីផ្សារដ៏ធំនៃប្រទេសហត្ថលេខី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការទទួលបានការអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារពិភពលោកផងដែរ”។
ទន្ទឹមនឹងនេះ ឧកញ៉ាបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញតួនាទីជាស្ពាន សម្រាប់វិនិយោគិនបរទេស និងរីករាយក្នុងការតភ្ជាប់សហគ្រិន ដែលមកទស្សនកិច្ច ជាមួយដៃគូក្នុងស្រុក សម្រាប់គម្រោងវិនិយោគរួមគ្នា ដែលអាចកើតមាននាពេលអនាគត។
លោក វ៉ាង ឈី (Wang Qi) និងគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងចិន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា និងមានបំណងស្វែងយល់លម្អិតអំពីបរិយាកាសវិនិយោគ ជាពិសេសគម្រោងជាក់លាក់ សម្រាប់សហប្រតិបត្តិការ និងគំរូនៃសហប្រតិបត្តិការ ដែលទទួលបានជោគជ័យកន្លងមក។

លោកបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយជាសមាគមថ្នាក់ជាតិតែមួយគត់នៅចិន។ សមាគមនេះ មានសមាជិកជាក្រុមហ៊ុនជាង២០០០ និងមានសាខានៅទូទាំងប្រទេស ដោយមានភារកិច្ចស្នូល ក្នុងការជួយគាំទ្រដល់សហគ្រិនវ័យក្មេង។
គណៈប្រតិភូធុរកិច្ចដែលអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺសុទ្ធសឹងមកពីវិស័យសក្តានុពល រួមមាន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) សំណង់ កសិកម្ម ច្បាប់ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ៕
