ដោយ: សហសេវិក
អន្តរជាតិ: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះជាទូទៅនៅក្នុងទីក្រុងធំៗ និងមធ្យមចំនួន៧០ របស់ប្រទេសចិនបានធ្លាក់ចុះក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា ឆ្នាំ២០២៥។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Xinhua។
យោងតាមការិយាល័យស្ថិតិជាតិ (NBS) តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងលំដាប់ទី១ រួមមានទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសុិនជិន បានថយចុះ០,៤ភាគរយក្នុងខែវិច្ឆិកា បើប្រៀបធៀបនឹងខែតុលា។
កាសែតចិន Xinhua បានរាយការណ៍បន្តថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងលំដាប់ទី២ បានធ្លាក់ចុះ០,៣ភាគរយ ខណៈដែលតម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី៣ បានធ្លាក់ចុះ០,៤ភាគរយ។
-->

ទិន្នន័យរបស់ការិយាល័យ NBS ក៏បានបង្ហាញផងដែរពីការធ្លាក់ចុះប្រចាំខែនៃតម្លៃផ្ទះប្រភេទទី២ (second-hand)នៅទូទាំងទីក្រុងធំៗទាំងអស់របស់ប្រទេសចិន។ ដោយផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ និន្នាការធ្លាក់ចុះជារួមនៃតម្លៃផ្ទះថ្មី និងផ្ទះប្រភេទទី២ នៅក្នុងទីក្រុងធំៗនៅតែបន្ត។
ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ ការវិនិយោគរបស់ប្រទេសក្នុងការអភិវឌ្ឍអចលនទ្រព្យបានដាំក្បាលចុះ១៥,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យ NBS។
យោងតាមសន្និសីទការងារសេដ្ឋកិច្ចថ្នាក់ជាតិរបស់ប្រទេសចិន ដែលបានរៀបចំឡើងកាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានប្តេជ្ញាខិតខំធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព និងជំរុញការសាងសង់ផ្ទះដែលមានគុណភាព ជាបន្តបន្ទាប់៕ប្រភព: Xinhua ៕
