តើត្រកូលគ្រួសារអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥ លើពិភពលោក ស្ថិតនៅប្រទេសណាខ្លះ?

0

ដោយ: សហសេវិក
អន្តរជាតិ: ត្រកូលគ្រួសារអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥ នៅលើពិភពលោកមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន១,៤៥ទ្រីលានដុល្លារ។ ក្នុងនោះ គ្រួសាររាជវង្សអារ៉ាប់ចំនួន៣ គ្របដណ្តប់ចំណែកប្រមាណ៥១ភាគរយ នៃទ្រព្យសម្បត្តិសរុប។

នៅឆ្នាំ២០២៥នេះ កាសែត Bloomberg បានរកឃើញថា ទ្រព្យសម្បត្តិរួមរបស់គ្រួសារអ្នកមានបំផុតទាំង២៥ នៅលើពិភពលោកបានហក់ឡើង៣៥៨,៧ពាន់លានដុល្លារ ដល់ចំនួន២,៩ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

ទី១: គ្រួសារ Walton នៅសហរដ្ឋអាមេរិក

គ្រួសារ Walton ជាម្ចាស់ក្រុមហ៊ុនលក់រាយធំជាងគេបំផុតរបស់ពិភពលោក Walmart ដោយមានទ្រព្យសម្បត្តិចំនួន៥១៣,៤ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះដំណើរការហាងជាង១០.៧៥០កន្លែងនៅទូទាំងពិភពលោក និងទទួលបានអតិថិជនប្រមាណ២៧០លាននាក់ជារៀងរាល់សប្តាហ៍ តាមរយៈការលក់នៅតាមទីតាំងជាក់ស្តែង និងវេទិកាអនឡាញរបស់ខ្លួន។

ទី២: គ្រួសារ Al Nahyan នៅអេមីរ៉ាតអារ៉ាប់រួម

គ្រួសារ Al Nahyan មានទ្រព្យសម្បត្តិសរុបចំនួន៣៣៥,៩ពាន់លានដុល្លារ។ គ្រួសារ Nahyan ជាគ្រួសាររាជវង្សដែលកំពុងកាន់អំណាចនៅរាជធានីអាប៊ុយដាប៊ី (Abu Dhabi)។ គ្រួសារនេះដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។

ទី៣: គ្រួសារ Al Saud នៅអារ៉ាប៊ីសាអូឌីត

ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត Al Saud មានប្រភពពីការលក់ប្រេងឆៅ ដែលបានគាំទ្រដល់របបរាជានិយមនៅអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាង៩ទសវត្សរ៍មកហើយ។គ្រួសារ Al Saud មានទ្រព្យសម្បត្តិចំនួន២១៣,៦ពាន់លានដុល្លារ។

ទី៤: គ្រួសារ Al Thani នៅប្រទេសកាតា

គ្រួសារ Al Thani ជាគ្រួសាររាជវង្សដែលកំពុងកាន់អំណាចរបស់ប្រទេសកាតា។គ្រួសារ Al Thani មានទ្រព្យសម្បត្តិសរុបចំនួន១៩៩,៥ពាន់លានដុល្លារអាមេរិក។

កាលពីដើមឆ្នាំនេះ ថ្នាក់ដឹកនាំកាតាក៏បានធ្វើឱ្យសារព័ត៌មានល្បីៗជាច្រើនចុះផ្សាយផងដែរ បន្ទាប់ពីកាតាបានផ្តល់ជូនរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នូវយន្តហោះ Boeing ដ៏ប្រណីតមួយគ្រឿង ដែលមានតម្លៃប្រហែល៤០០លានដុល្លារ សម្រាប់ប្រើប្រាស់ជាយន្តហោះ Air Force One បណ្តោះអាសន្ន។

ទី៥: គ្រួសារ Hermes នៅប្រទេសបារាំង

គ្រួសារ Hermès ជាម្ចាស់ក្រុមហ៊ុនម៉ាកយីហោប្រណីតដ៏ល្បីល្បាញ Hermès របស់បារាំង ដែលផលិតកាបូបម៉ាក Birkin និងម៉ាក Kelly។ គ្រួសារនេះមានទ្រព្យសម្បត្តិសរុបចំនួន១៨៤,៥ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here