ទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិក បានបង្ហាញភាពធន់ ទោះបីជាមានបញ្ហាប្រឈមក្តី

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍ TrendWatch របស់សមាគមទ្រព្យសកម្មអាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យបានស្ថិតក្នុងចំណោមទីផ្សារលើពិភពលោក ដែលមានដំណើរការល្អប្រសើរនៅឆ្នាំ២០២៥ ដោយតំបន់អាស៊ីប៉ាស៊ីហ្វិកបានបោះជំហានយ៉ាងលេចធ្លោ។

របាយការណ៍នេះបានបន្តថា ទីផ្សារអចលនទ្រព្យក្នុងតំបន់បានបង្ហាញភាពធន់ ទោះបីជាមានបញ្ហាប្រឈមដូចជា ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ អតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយយ៉ាងណាក្តី។

លោក Naoki Suzuki ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KJR Management បានអះអាងថា សន្ទុះបានកើនឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងផ្នែកនានា ដូចជា បដិសណ្ឋារកិច្ច អាផាតមុិន និងភស្តុភារកម្ម។ បច្ចុប្បន្ន សន្ទុះនេះបានរីករាលដាលដល់ផ្នែកលក់រាយ និងការិយាល័យ។

កំណើននៃថ្លៃដើមសំណង់បានធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យថ្មីនៅមានកម្រិត និងបានជំរុញឱ្យតម្លៃជួលការិយាល័យកើនឡើង។អត្រាទំនេរការិយាល័យនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុនបានធ្លាក់ចុះក្រោម៣ភាគរយ។នេះបើយោងតាមក្រុមហ៊ុន CenterSquare Investment Management។

លោក Paul Lee ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនវិនិយោគ Northmod បានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារនៅតំបន់ Greater Seoul របស់កូរ៉េខាងត្បូង និងច្រករបៀងសំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី ក៏សម្រេចបានលទ្ធផលលើសពីការរំពឹងទុកផងដែរ ជាមួយនឹងសន្ទុះដ៏រឹងមាំនៃតម្លៃជួល។

ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់ទាំងនេះនៅតែទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងមជ្ឈមណ្ឌលទិន្នន័យ(Data Center)៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here