ទ្រព្យសម្បត្តិរបស់បុរសមានទ្រព្យច្រើនបំផុតនៅវៀតណាម វ៉ាដាច់មហាសេដ្ឋីបច្ចេកវិទ្យាចិនលោក Jack Ma

0

ដោយ: សហសេវិក
អន្តរជាតិ: លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅវៀតណាម មានទ្រព្យសម្បត្តិចំនួន៣០ពាន់លានដុល្លារអាមេរិក ដោយវ៉ាដាច់មហាសេដ្ឋីល្បីៗដូចជាលោក Jack Ma និងលោក Donald Trump ក្នុងចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes។

យោងតាមទស្សនាវដ្តីអាមេរិកបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Vuong បានកើនឡើង៣,៤ពាន់លានដុល្លារ ដល់៣០ពាន់លានដុល្លារ គិតត្រឹមថ្ងៃអង្គារ ទី២៣ ឆ្នាំ២០២៥។

កំណើននេះសម្រេចបាន បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup បានហក់ឡើងថ្លៃដល់កម្រិតអតិបរមា ហើយបានបិទវគ្គជួញដូរនៅត្រឹម១៦៩.៩០០ដុង (៦,៤៥ ដុល្លារអាមេរិក)ក្នុងមួយហ៊ុន។ ភាគហ៊ុននេះបានហក់ឡើងថ្លៃចំនួន៨ដងចាប់តាំងពីដើមឆ្នាំនេះ។

បច្ចុប្បន្ន មហាសេដ្ឋីវៀតណាមរូបនេះជាប់ចំណាត់ថ្នាក់លេខ៧១ នៅក្នុងបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

ទន្ទឹមនឹងនេះ លោក Jack Ma ជាប់ចំណាត់ថ្នាក់លេខ៧២ ជាមួយនឹងទ្រព្យសម្បត្តិចំនួន២៩,៧ពាន់លានដុល្លារ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាប់ចំណាត់ថ្នាក់លេខ៥៦៧ ជាមួយនឹងទ្រព្យសម្បត្តិ៦,៧ពាន់លានដុល្លារ។

ទស្សនាវដ្តី Forbes បានគណនាទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗ ដោយផ្អែកលើតម្លៃភាគហ៊ុនរបស់ពួកគេ និងទ្រព្យសកម្មផ្សេងទៀត ដូចជាអចលនទ្រព្យ ស្នាដៃសិល្បៈ និងទូកកម្សាន្ត។ លោក Vuong កាន់កាប់ភាគហ៊ុនចំនួន១០,០៥ភាគរយនៅក្នុងក្រុមហ៊ុន Vingroup។

ទស្សនាវដ្តីខាងលើបានទទួលស្គាល់លោក Vuong ជាលើកដំបូងថា ជាមហាសេដ្ឋីក្នុងឆ្នាំ២០១៣។ នៅពេលនោះ លោកជាប់ចំណាត់ថ្នាក់ទី៩៧៤ ជាមួយនឹងទ្រព្យសម្បត្តិចំនួន១,៥ពាន់លានដុល្លារ។ ចាប់តាំងពីពេលនោះមក ទ្រព្យសម្បត្តិរបស់លោកបានកើនឡើង២០ដង៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here