តើតម្លៃផ្ទះនៅសហរដ្ឋអាមេរិកនឹងប្រែប្រួលយ៉ាងណានៅឆ្នាំ២០២៦ ខណៈធនាគារ Fed បញ្ចុះអត្រាការប្រាក់?

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងគំហុក ដោយសារតម្រូវការមានកម្រិតលើសពីការផ្គត់ផ្គង់ ដែលជំរុញឱ្យអ្នកទិញជាច្រើនចាកចេញពីទីផ្សារ។ ចាប់ពីដើមឆ្នាំ២០២០ ដល់ត្រីមាសទី៣ ឆ្នាំ២០២៥ តម្លៃផ្ទះបានកើនឡើងជិត៥៥ភាគរយទូទាំងប្រទេស។

ក្រុមអ្នកជំនាញរំពឹងថា ការដាក់លក់ផ្ទះអាចកើនឡើងកាន់តែច្រើននៅឆ្នាំ២០២៦ ដែលអាចជួយជំរុញការផ្គត់ផ្គង់ និងទប់ស្កាត់ការកើនឡើងនៃតម្លៃផ្ទះ។ លទ្ធភាពនៃការទិញផ្ទះនៅតំបន់មួយចំនួនបានបង្ហាញភាពប្រសើរឡើង ដោយតម្លៃផ្ទះបានធ្លាក់ចុះនៅក្នុងរដ្ឋនានា ដូចជារដ្ឋ Florida រដ្ឋតិចសាស និងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ២០២៥។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញវាយតម្លៃថា តម្លៃផ្ទះនៅទូទាំងសហរដ្ឋអាមេរិកនឹងមិនធ្លាក់ចុះយ៉ាងគំហុកនោះទេ។ តម្លៃលំនៅឋានអាចស្ថិតក្នុងសភាពទ្រឹងនៅឆ្នាំ២០២៦ ឬអាចកើនឡើងបន្តិចបន្តួចក្នុងរង្វង់ប្រហែល០,៥ភាគរយ។

ប៉ុន្តែ ដំណោះស្រាយរយៈពេលវែងដ៏ល្អបំផុតជា ការសាងសង់ផ្ទះឱ្យបានច្រើនបន្ថែមទៀតនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងជំរុញលទ្ធភាពទិញផ្ទះរបស់ពលរដ្ឋអាមេរិក (Affordability)។

ជាមួយគ្នានេះ អត្រាការប្រាក់លើកម្ចីទិញផ្ទះត្រូវបានគេរំពឹងថា នឹងនៅតែបន្តមានកម្រិតខ្ពស់ជាង៦ភាគរយនៅឆ្នាំក្រោយ។ ប៉ុន្តែ អត្រានេះអាចប្រែប្រួលបាន។ ការធ្លាក់ចុះនៃទីផ្សារការងារ ឬអតិផរណាអាចជំរុញឱ្យធនាគារកណ្តាលសហរដ្ឋអាមេរិកកាត់បន្ថយអត្រាការប្រាក់លើសពីការរំពឹងទុក។

លោក Jason Waugh ប្រធានក្រុមហ៊ុន Coldwell Banker Affiliates បានលើកឡើងថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់មានសារៈសំខាន់ចំពោះទីផ្សារលំនៅឋាន។

លោកបានគូសបញ្ជាក់ថា ប្រសិនបើទីផ្សារការងារបន្តធ្លាក់ចុះ ហើយអ្នកទិញព្រួយបារម្ភពីសុវត្ថិភាពការងាររបស់ពួកគេ នោះពួកគេអាចនឹងមិនសូវមានឆន្ទៈក្នុងការទិញផ្ទះ៕ប្រភព: Toledo Blade៕

LEAVE A REPLY

Please enter your comment!
Please enter your name here