Hattha top Banner

កម្ពុជារៀបចំវេទិកាធុរកិច្ចកម្ពុជាសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ២០១៧

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-សិង្ហបុរីនៃសហព័ន្ធរុស្ស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។
វេទិកាធុរកិច្ចនេះ ត្រូវបានធ្វើឡើងក្រោមសហប្រធានលោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Tatiana VALOVAYA សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯក​អគ្គរដ្ឋទូតរបស់ប្រទេសសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរ ដែលគ្របដណ្តប់វិស័យសំខាន់ៗ រួមមាន ទេសចរ​ណ៍ កសិកម្ម សុខាភិបាល ព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងផ្លូវអាកាស សំណង់ កាត់ដេរនិងវាយនភ័ណ្ឌ និងតំបន់សេដ្ឋកិច្ចពិសេស សរុបប្រមាណ ១៥០នាក់។ យោងតាមសេចក្តីប្រកាសព៌តមានពីវេទិកានេះ ដែលបានរៀបចំធ្វើនៅថ្ងៃទី១៦ ធ្នូនេះបានឲ្យដឹងថា វេទិកានេះរៀបចំឡើងមានគោលដៅ បើកផ្លូវឲ្យអាជីវករ និងវិនិយោគិនរបស់ភាគីទាំងពីរ ដើម្បីស្វែងរកឱកាស និងបង្កើតសម្ព័ន្ធភាពថ្មី ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃភាគីទាំងពីរ។ ការចូលរួមរបស់វិស័យឯកជននៃភាគីទាំងពីរមានសារៈសំខាន់ណាស់ ដោយវិស័យឯកជនជាអ្នកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឲ្យកាន់តែទូលំទូលាយ និងជាពិសេសគាំទ្រក្នុងការបើកទីផ្សារថ្មី តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(Cambodia-EAEUFTA) ដែលនឹងបង្កើតនូវឱកាសដ៏សម្បូរបែបសម្រា​ប់វិស័យឯកជនពីកម្ពុជា និងប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។ លើសពីនេះទៀត គណៈប្រតិភូសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីក៏បានទៅបំពេញ ទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីរោងចក្រនិងសហគ្រាសនានា ដែលកំពុងមានប្រតិបត្តិការនៅទីនោះ ក៏ដូចជាសក្តា​នុពល និងអត្ថប្រយោជន៍ផ្សេងៗដែលតំបន់សេដ្ឋកិច្ចនេះផ្តល់ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here