ក្រសួងសាធារណការ និងអ្នកជំនាញជប៉ុនពិភាក្សាប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំដំបូង ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើតាមរយៈវីដេអូពីចម្ងាយ លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌ​លឡូជីស្ទីកថ្នាក់តំបន់ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងក្រុមជំនាញការទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)​ដឹកនាំដោយលោកស្រី មីអ៊ូរ៉ា យូស៊ីកូ តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំសមាសភាពក្រុមការងារគម្រោងរវាងភាគីកម្ពុជា និងភាគីជប៉ុន ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងធ្វើបទបង្ហាញអំពីផែនការការងារសិក្សាផែនការលម្អិត លើការរៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងភាគីជប៉ុន ដែលបានធ្វើបង្ហាញពីការរៀបចំផែនការការងារគម្រោង ដើម្បីប្រមូលនូវធាតុចូលបន្ថែម និងការចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ និងបន្តកិច្ចសហការគ្នាបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិត របស់គម្រោងនេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅឱ្យការសិក្សាទទួលបានលទ្ធផលផ្លែផ្កា ស្របតាមផែនការដែលបានគ្រោងទុក។

តាមការគ្រោងទុក ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេសជប៉ុនខាងលើ នឹងចាប់ផ្តើមបំពេញបេសកកម្មអនុវត្តការងាររបស់ខ្លួននៅកម្ពុជា ចាប់ពីសប្តាហ៍ទី២ ខែមករា ខាងមុខ ហើយកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសម្របសម្រួលរួម  (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នេះ នឹងត្រូវរៀបចំឡើង ក្រោមអធិបតីភាពរបស់លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលខាងមុននេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here