រមណីយដ្ឋានប្រណីតៗលេចត្រដែតឡើងនៅប្រទេសវៀតណាម ជាមួយតម្លៃស្នាក់នៅចំនួន២៥.០០០ដុល្លារក្នុងមួយយប់

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមបានឈានចូលដល់ផ្នែកអចលនទ្រព្យប្រណីតកម្រិតកំពូលដោយមានភូមិគ្រឹះធំៗ ត្រូវបានជួលក្នុងតម្លៃ២៥.០០០ដុល្លារអាមេរិកក្នុងមួយយប់។

រមណីយដ្ឋាន Amanoi ក្នុងឈូងសមុទ្រ Vinh Hy ក្នុងខេត្ត Khanh Hoa ភាគកណ្តាលនៃប្រទេសវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការជួលវីឡាដែលមានបន្ទប់គេង៣ និងមានទំហំ៩២៥ម៉ែត្រការ៉េ មានតម្លៃ១៥.០០០ដុល្លារក្នុងមួយយប់។

ភ្ញៀវត្រូវកក់ការស្នាក់នៅយ៉ាងហោចណាស់៣យប់។ លំនៅឋានឯកជននេះ រួមមានអាងហែលទឹកចំនួនពីរ ស្ប៉ា បន្ទប់ទទួលភ្ញៀវ បន្ទប់បរិភោគអាហារ ឆ្នេរឯកជន និងអ្នកបម្រើចំនួន២នាក់ ដែលមានវត្តមាន២៤ម៉ោង។

ជាមួយគ្នានេះ រមណីយដ្ឋាន Vias Resort Van Phong Peninsula ក្នុងខេត្ត Khanh Hoa បានបើកដំណើរការរមណីយដ្ឋានកោះឯកជនលំដាប់ផ្កាយ៥ ដោយផ្តោតលើការទាក់ទាញក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ការជួលលំនៅឋាននៅរមណីយដ្ឋានខាងលើមានតម្លៃចាប់ពី១០.០០០ដុល្លារក្នុងមួយយប់ រហូតដល់២៥.០០០ដុល្លារក្នុងមួយយប់។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

លំហូរភ្ញៀវទេសចរអន្តរជាតិជាកត្តាជំរុញដ៏សំខាន់មួយ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងដល់កំណត់ត្រា១៩,១៥លាននាក់ ហើយពិធីមង្គលការរបស់មហាសេដ្ឋីជាច្រើនក៏ត្រូវបានធ្វើឡើងនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសវៀតណាមផងដែរ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here