ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ រយៈពេល ២៦ឆ្នាំគិតចាប់ពីឆ្នាំ១៩៩៣ ដល់ត្រីមាសទី១ ឆ្នាំ២០១៩ នេះប្រទេសបារាំងបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការចំនួនប្រមាណ៩៥២,៥លានអឺរ៉ូឬ១,០៧០លានដុល្លារអាមេរិកដល់កម្ពុជា។
គំរោងជំនួយឥតសំណង និងហិរញ្ញប្បទានសហប្រតិបត្តិការនៅកម្ពុជារួមមាន៖ ហិរញ្ញប្បទានឥតសំណងចំនួន ១៩៤លានអឺរ៉ូ ឥណទានសម្បទាន (Sovereign Loan) ចំនួន២៩១,៥លានអឺរ៉ូ និងឥណទានគ្មានការធានាពីរដ្ឋ (Non Sovereign Loan) ចំនួន១៦៧លានអឺរ៉ូ។
លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Agnes PANNER-RUNACHER រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងកាលពីពេលថ្មីៗនេះ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ឲ្យកាន់តែស៊ីជម្រៅថែមទៀត ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក៏បានជម្រាបភាគគីជាបារាំង អំពីការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយភាពប្រកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេល២ទស្សវត្សកន្លងមកនេះ កម្ពុជា ជាប្រទេសឯកទគ្គករកំណើនទាំង៨ នៅក្នុងពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចរឹងមុំា ក្នុងអត្រា៧.៧%មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើនបរិស្ថានធុរកិច្ចអំណោយផល ក៏ដូចជាការគ្រប់គ្រងបំណុលសាធារណៈមានភាបលល្អប្រសើរ។
លោកអូន ព័ន្ធមុនីរត្ន បានថ្លែងថា “ការអភិវឌ្ឍន៍ដែលកម្ពុជាទទួលបានក្នុងពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់ពីតួនាទីយ៉ាងសកម្មរបស់ភាគីមិត្តបារាំង ដែលចលរួមចំណែកយ៉ាងសកម្មក្នុងក្នុងការអភិវឌ្ឍន៍កម្ពុជា”។
លោកស្រី Agnes PANNIER-RUNACHER រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍន៍ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចារកែទម្រង់កន្លងមក ។ លោកស្រីក៏បានបញ្ជាកថា បារំាង និងកម្ពុជាគឺជាមិត្តដ៏ល្អ ដែលមិនអាចកាចផ្តាច់ពីគ្នាបានហើយបារំាង នឹងនៅតែបន្តជំរុញពង្រឹងកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការររបស់បារាំង ឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានារបស់កម្ពុជា ជាពិសេស ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅលើកកម្ពុស់កិច្ចសហប្រតិបត្តិការអភិឌ្ឍន៍នៅកម្ពុជា និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បារាំង-កម្ពុជា៕