ការស្តារស្ថិរភាពទីផ្សារលំនៅឋាន ជាគន្លឹះសំខាន់ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសចិន

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានស្ថិរភាព ក្នុងគោលបំណងជំរុញទំនុកចិត្តទីផ្សារ និងទប់ស្កាត់មិនឱ្យការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យជះផលប៉ះពាល់ដល់ការប្រើប្រាស់។

ក្រុមអ្នកវិភាគបានលើកឡើងបែបនេះ បន្ទាប់ពីទស្សនាវដ្តី Qiushi Journal ដ៏លេចធ្លោរបស់បក្សកុម្មុយនិស្តចិន បានអំពាវនាវឱ្យមានការដាក់ចេញគោលនយោបាយអចលនទ្រព្យដ៏ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ជាជាងការបោះជំហានបន្តិចម្តងៗ។

ទីផ្សារអចលនទ្រព្យលំនៅឋានជាផ្នែកសំខាន់មួយនៃទ្រព្យសម្បត្តិរបស់គ្រួសារនៅក្នុងប្រទេសចិន។ ដូច្នេះ នៅពេលតម្លៃអចលនទ្រព្យធ្លាក់ចុះ នោះទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននឹងថយចុះ ដែលអាចជះផលប៉ះពាល់ដល់ទំនុកចិត្តហិរញ្ញវត្ថុ និងការប្រើប្រាស់។

ដើម្បីទប់ទល់នឹងបញ្ហានេះ ប្រទេសចិនកំពុងផ្តោតលើការកាត់បន្ថយស្តុកលំនៅដ្ឋានលើសតម្រូវការ និងការអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាននៅតាមទីក្រុងនានា ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់លំនៅឋានថ្មី។

គោលនយោបាយ ដែលអាចដាក់ចេញរួមមាន ការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ ជាពិសេសនៅចំកណ្តាលទីក្រុងធំៗ ការទិញលំនៅឋានដោយអាជ្ញាធរ ដើម្បីប្រែក្លាយទៅជាលំនៅឋានដែលមានតម្លៃសមរម្យ ការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការឧបត្ថម្ភធនលើអត្រាការប្រាក់។

ជាមួយគ្នានេះ វិធានការជំរុញការសាងសង់លំនៅឋាន ដែលមានការឧបត្ថម្ភពីរដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់គ្រួសារដែលមានប្រាក់ចំណូលទាប អ្នករស់នៅទីក្រុងថ្មី និងយុវជនក្មេងៗ ក៏អាចត្រូវបានដាក់ចេញផងដែរ៕ប្រភព: China Daily៕

LEAVE A REPLY

Please enter your comment!
Please enter your name here