អារ៉ាប៊ីសាអូឌីតចាប់ផ្តើមបើកចំហទីផ្សារអចលនទ្រព្យទៅកាន់ជនបរទេស ខណៈផ្ទះជាង១១មុឺនយូនីតនឹងប្រគល់ជូននៅឆ្នាំ២០២៦

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមបើកចំហទីផ្សារអចលនទ្រព្យ និងទីផ្សារភាគហ៊ុនរបស់ខ្លួនទៅកាន់ជនបរទេស។នេះជាការបោះជំហានថ្មីចុងក្រោយបំផុតដើម្បីជំរុញលំហូរទុនវិនិយោគចូលទៅក្នុងទីផ្សាររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។

ប្រទេសនេះបាននិងកំពុងបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនសម្រាប់ជនបរទេសជាដំណាក់កាល។ យ៉ាងណាមិញ ការផ្គត់ផ្គង់ផ្ទះថ្មីឱ្យបានគ្រប់គ្រាន់ មានសារៈសំខាន់ដើម្បីធានាថា ប្រជាជនអារ៉ាប៊ីសាអូឌីតមិនប្រឈមមុខនឹងកង្វះលទ្ធភាពទិញផ្ទះ នៅពេលតម្លៃផ្ទះហក់ឡើងថ្លៃ ដោយសារតម្រូវការរបស់ជនបរទេស។

ទីផ្សារ​អចលនទ្រព្យរបស់អារ៉ាប៊ីសាអូឌីត​ក៏បាន​ទាក់ទាញ​​ក្រុមហ៊ុនអចលនទ្រព្យ Trump Organization ​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អារ៉ាប៊ីសាអូឌីត ដើម្បី​សាងសង់​អាផាតមុិន​ប្រណីតនៅប្រទេសនេះ។

ក្រុមវិនិយោគិនមួយចំនួនមើលឃើញថាទីផ្សារលំនៅឋាននៅអារ៉ាប៊ីសាអូឌីតមានស្ថិរភាពជាងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលមានប្រជាជនភាគច្រើនជាជនបរទេស ហើយជនបរទេសមួយចំនួនបានចាកចេញពីទីក្រុងឌូបៃ បន្ទាប់ពីបាត់បង់ការងារ។

ផ្ទុយទៅវិញ ចំនួនប្រជាជនអារ៉ាប៊ីសាអូឌីតប្រហែល៣៥លាននាក់ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់តម្រូវការនាពេលអនាគត។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញថា ចំនួន៣៤ភាគរយនៃប្រជាជនអារ៉ាប៊ីសាអូឌីតមានអាយុក្រោម១៤ឆ្នាំ ដែលនឹងជំរុញតម្រូវការលំនៅឋានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះ លំនៅឋានចំនួនជាង៦០០.០០០យូនីត ត្រូវបានគេរំពឹងថា នឹងត្រូវបានសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០៣០ រួមទាំងផ្ទះចំនួន១១០.៩៤២យូនីត ដែលត្រូវប្រគល់ជូននៅឆ្នាំ២០២៦។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank។

ប៉ុន្តែ បញ្ហាកង្វះលទ្ធភាពទិញអាចក្លាយជាបញ្ហានាពេលអនាគត។ តួយ៉ាង តម្លៃអាផាតមុិននៅទីក្រុងរីយ៉ាដនៃប្រទេសនេះបានហក់ឡើង៩៦ភាគរយចាប់ពីដើមឆ្នាំ២០១៩ ដល់ត្រីមាសទី៣ នៃឆ្នាំ២០២៥ ខណៈតម្លៃវីឡាបានហក់ឡើង៥៣ភាគរយ៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here